យោធាអ៊ីស្រាអែល បាននិយាយថា យន្តហោះរបស់ខ្លួន បានធ្វើការវាយប្រហារតាមផ្លូវអាកាស កាលពីថ្ងៃអាទិត្យ ទៅលើក្រុមសកម្មប្រយុទ្ធ ដែលប៉ុនប៉ងដាក់បង្កៃគ្រឿងបំផ្ទុះ នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប។
យោងតាមសេចក្តីថ្លែងការណ៍របស់យោធាបានឲ្យដឹងថា ជនសកម្មប្រយុទ្ធទាំងនេះ «ត្រូវបានកំណត់អត្តសញ្ញាណ នៅពេលកំពុងប្រតិបត្តិការ នៅជិតកងទ័ពអ៊ីស្រាអែល និងប៉ុនប៉ងដាក់គ្រឿងផ្ទុះ នៅក្នុងដី នៅភាគខាងជើងហ្កាហ្សា»។
ជាមួយគ្នានេះដែរ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ពលរដ្ឋម្នាក់ បានស្លាប់ និងជាច្រើននាក់ទៀត រងរបួស កាលពីព្រឹកថ្ងៃអាទិត្យ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងកើតនៃទីក្រុងហ្កាហ្សា។
នេះ គឺជាការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា ដែលភាពតានតឹង នៅតែបន្តកើតមាន ខណៈដែលការចរចាអំពី ដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែជាប់គាំង។
យោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា ក្នុងខែតុលា ឆ្នាំ ២០២៣ បានកើនឡើងដល់ ៤៨.៤៥៣ នាក់ ជាមួយនឹងមនុស្សចំនួន ១១១.៨៦០នាក់ បន្ថែមទៀត បានរងរបួស។