សារព័ត៌មាន South China Morning Post របស់ចិន បានរាយការណ៍កាលពីថ្ងៃចន្ទ (១០ មីនា) សប្ដាហ៍នេះ ដោយយោងតាមប្រភពការទូតជាច្រើនថា ប្រធានាធិបតីអាមេរិក លោក Donald Trump អាចនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសចិន នៅខែក្រោយនេះ ស្របពេលមានសង្រ្គាមពាណិជ្ជកម្មកាន់តែតានតឹងរវាងភាគីទាំងពីរ។

ដំណឹងនេះកើតឡើងនៅពេលដែលលោក Trump បានដំឡើងពន្ធសរុប ២០% លើការនាំចូលរបស់ចិនទាំងអស់ ហើយទីក្រុងប៉េកាំង បានសងសឹកវិញជាមួយនឹងពន្ធលើទំនិញអាមេរិក ដោយគំរាមកំហែងដល់ការបញ្ឆេះសង្រ្គាមពាណិជ្ជកម្មកាន់តែរាលដាល។

ចាប់តាំងពីការវិលត្រឡប់មកសេតវិមានវិញ លោក Trump ហាក់ដូចជាផ្តោតលើការសម្រេចកិច្ចព្រមព្រៀងមួយជាមួយទីក្រុងប៉េកាំង។ ប្រភពប្រាប់ថា មេដឹកនាំនៃប្រទេសទាំងពីរចង់ឱ្យភាគីម្ខាងទៀតមកធ្វើទស្សនកិច្ចរៀងៗខ្លួន ដោយចាត់ទុកថាជាសមិទ្ធិផលការទូត ប៉ុន្តែកិច្ចពិភាក្សាដំបូងបានផ្តោតលើការបំពេញទស្សនកិច្ចរបស់លោក Trump ទៅកាន់ប្រទេសចិន នៅខែមេសា ខាងមុខនេះ។
គេនៅមិនច្បាស់ទេថាតើមានការរីកចម្រើនប៉ុណ្ណាក្នុងកិច្ចពិភាក្សាពីដំណើរទស្សនកិច្ចនោះ។ ប្រភពចិនបានបញ្ចាក់ថា មន្ត្រីក្រុងប៉េកាំង ពិបាកក្នុងការនិយាយជាមួយសមភាគីក្នុងទីក្រុងវ៉ាស៊ីនតោនណាស់ ខណៈពេលនេះអាមេរិក កំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង។
គួររម្លឹកថា ប៉ុន្មានថ្ងៃមុនពិធីឡើងកាន់តំណែងថ្ងៃទី២០ មករា លោក Trump និងប្រធានាធិបតីចិន លោក Xi Jinping បានសន្ទនាតាមទូរសព្ទ ដែលគ្របដណ្តប់លើបញ្ហាទូលំទូលាយជាច្រើន៕