ទិន្នន័យគុណភាពខ្យល់បានបង្ហាញនៅថ្ងៃអង្គារ (១១ មីនា) នេះថា មានតែប្រទេសចំនួន៧ ប៉ុណ្ណោះ ដែលបានបំពេញតាមស្តង់ដារគុណភាពខ្យល់របស់អង្គការសុខភាពពិភពលោក WHO កាលពីឆ្នាំ២០២៤ ខណៈអ្នកស្រាវជ្រាវព្រមានថា ការទប់ទល់ផ្សែងអ័ព្ទមានជាតិពុល នឹងកាន់តែពិបាក បន្ទាប់ពីសហរដ្ឋអាមេរិក បិទកិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យសកលរបស់ខ្លួន។

ឆាដ និងបង់ក្លាដែស គឺជាប្រទេសដែលមានការបំពុលខ្យល់ខ្លាំងបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២៤ ជាមួយនឹងកម្រិតផ្សែងអ័ព្ទពុលជាមធ្យមខ្ពស់ជាង ១៥ដង លើសការណែនាំរបស់ WHO នេះបើយោងតាមតួលេខ ដែលចងក្រងដោយក្រុមហ៊ុនត្រួតពិនិត្យគុណភាពខ្យល់របស់ប្រទេសស្វីស IQAir។

IQAir និយាយថា មានតែប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ ប្រទេសប្រជុំកោះបាហាម៉ាស បាបាដូស ហ្គ្រេណាដា អេស្តូនី និងអ៊ីស្លង់ប៉ុណ្ណោះដែលត្រូវតាមចំណាត់ថ្នាក់ស្តង់ដារ។ WHO បានកំណត់កម្រិតកំហាប់ភាគល្អិតខ្យល់បំពុល ដែលគេស្គាល់ថាជា PM2.5 មិនឱ្យលើសពី ៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប ប៉ុន្តែស្តង់ដារនេះត្រូវបានឆ្លើយតបត្រឹមតែ ១៧% ប៉ុណ្ណោះនៃទីក្រុងនានាក្នុងពិភពលោកកាលពីឆ្នាំមុន។

អ្នកវិទ្យាសាស្រ្តព្រមានថា បម្រែបម្រួលអាកាសធាតុកំពុងដើរតួនាទីកាន់តែខ្លាំងឡើងក្នុងការជំរុញខ្យល់កខ្វក់ ជាមួយនឹងសីតុណ្ហភាពកាន់តែខ្ពស់ បណ្តាលឱ្យមានចំហេះព្រៃកាន់តែច្រើន និងយូរជាងមុន ដែលបានលេបត្របាក់ផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍ និងអាមេរិកខាងត្បូង៕