ក្រុមតស៊ូមតិមូស្លីម បាននិយាយនៅថ្ងៃអង្គារ (១១ មីនា) នេះថា ការរើសអើង និងការវាយប្រហារប្រឆាំងនឹងជនជាតិមូស្លីម និងអារ៉ាប់ នៅក្នុ្ងងសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ខ្លាំងចំនួន ៧,៤% ក្នុងឆ្នាំ២០២៤ ដោយសារតែការរីករាលដាលនៃទំនោរប្រឆាំងសាសនាអ៊ិស្លាម ដែលបណ្តាលមកពីសង្គ្រាមរបស់អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តអាមេរិក នៅដែនដីហ្កាហ្សា និងការតវ៉ានៅតាមសាកលវិទ្យាល័យ។

ក្រុមប្រឹក្សាទំនាក់ទំនងអ៊ិស្លាមអាមេរិក CAIR និយាយថា ខ្លួនបានកត់ត្រាតួលេខខ្ពស់បំផុតនៃបណ្តឹងប្រឆាំងនឹងជនជាតិមូស្លីម និងអារ៉ាប់ ចំនួន ៨.៦៥៨ករណី ក្នុងឆ្នាំ២០២៤ ចាប់តាំងពីបានចាប់ផ្តើមចេញផ្សាយទិន្នន័យក្នុងឆ្នាំ១៩៩៦ មក។

ពាក្យបណ្តឹងភាគច្រើនមាននៅក្នុងប្រភេទនៃការរើសអើងការងារចំនួន ១៥,៤% អន្តោប្រវេសន៍ និងសិទ្ធិជ្រកកោនចំនួន ១៤,៨% ការរើសអើងផ្នែកអប់រំមាន ៩,៨% និងឧក្រិដ្ឋកម្មស្អប់ខ្ពើម ៧,៥% នេះបើយោងតាមរបាយការណ៍របស់ CAIR ។

ក្រុមអ្នកតស៊ូមតិសិទ្ធិមនុស្ស បានគូសបញ្ជាក់ពីកំណើនភាពស្អប់ខ្ពើមប្រឆាំងសាសនាអ៊ិស្លាម ការលំអៀងប្រឆាំងនឹងអារ៉ាប់ និងការប្រឆាំងជនជាតិជ្វីហ្វ ចាប់តាំងពីប្រតិបត្តិការយោធាបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា សងសឹកនឹងការវាយប្រហាររបស់ពួកហាម៉ាស កាលពីខែតុលា ឆ្នាំ២០២៣៕