អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា អគ្គលេខាធិការ UN លោក អង់តូនីញ៉ូ ហ្គូយតឺរេស ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃអំពើហិង្សា នៅតំបន់ឆ្នេរសមុទ្រនៃប្រទេសស៊ីរី ដែលបានឃើញការសម្លាប់យ៉ាងទូលំទូលាយ រួមទាំងបុគ្គលិកអង្គការសហប្រជាជាតិផងដែរ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក ហ្គុយតឺរេស បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រមុខអង្គការសហប្រជាជាតិ បានសម្តែងការរំលែកទុក្ខដល់ប្រជាជនស៊ីរីដែលកំពុងកាន់ទុក្ខចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ និងសូមជូនពរដល់អ្នករងរបួស ឲ្យឆាប់ជាសះស្បើយ។
លោក Dujarric បាននិយាយថា៖«អគ្គលេខាធិការអំពាវនាវឲ្យភាគីទាំងអស់ ការពារជនស៊ីវិល និងបញ្ឈប់នូវវោហាស័ព្ទ និងសកម្មភាពបង្កហេតុ ខណៈដែលប្រទេសស៊ីរី កំពុងប្រយុទ្ធប្រឆាំងនឹងកេរដំណែលនៃជម្លោះរយៈពេល ១៤ឆ្នាំ។ «លោកបញ្ជាក់ជាថ្មីពីការព្រួយបារម្ភរបស់ខ្លួន ចំពោះការបង្កើនភាពតានតឹងក្នុងចំណោមសហគមន៍នានា ក្នុងប្រទេសស៊ីរី»។
អ្នកនាំពាក្យរូបនេះ បានអះអាងថា លោក ហ្គុយតឺរេស កំពុងស្វែងរកការបញ្ចប់ការបង្ហូរឈាមជាបន្ទាន់ ហើយចាប់ខ្លួនអ្នកប្រព្រឹត្ត ឲ្យទទួលខុសត្រូវ។ ក្តីកង្វល់របស់សហគមន៍ស៊ីរី ត្រូវតែដោះស្រាយប្រកបដោយអត្ថន័យ។
លោក Dujarric បាននិយាយថា៖«លោកអគ្គលេខាធិការ ផ្តោតទៅលើការប្រកាសដោយអាជ្ញាធរចាំផ្ទះនៃ គណៈកម្មាធិការស៊ើបអង្កេត និងគណៈកម្មាធិការសម្រាប់ការការពារជនស៊ីវិល»។


