ជីវិតបានវិលត្រឡប់មកភាពរស់រវើកបន្តិចម្តងៗវិញហើយនៅតាមផ្លូវក្នុងខេត្ត Latakia រយៈពេល ៤ថ្ងៃប៉ុណ្ណោះ ក្រោយប្រទេសស៊ីរីទទួលរងការបង្ហូរឈាមគ្នាដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីការផ្តួលរំលំលោកប្រធានាធិបតី Bashar al-Assad ។
ប្រជាពលរដ្ឋនាំគ្នាតម្រង់ជួររង់ចាំយ៉ាងវែងនៅមុខហាងលក់នំ ដើម្បីទទួលបាននំបុ័ងរបស់ពួកគេ ក្នុងនោះអ្នកស្រុកម្នាក់ និយាយថា បរិមាណអាហារដែលមានមិនគ្រប់គ្រាន់នោះទេ ។
កងកម្លាំងសន្តិសុខ ត្រូវបានគេមើលឃើញឈរយាមកាមតាមដងផ្លូវជាមួយរថយន្តចតចោលដែលត្រូវបានខូចខាត អំឡុងការប៉ះទង្គិចគ្នាហិង្សា ។
ការប៉ះទង្គិចគ្នាដែលក្រុមតាមដានសង្រ្គាមនិយាយថា បានសម្លាប់មនុស្សជាង ១.៥០០នាក់ ហើយភាគច្រើននៃពួកគេគឺជាជនស៊ីវិលនោះ បានបន្តដល់ថ្ងៃទី ៤ នៅដែនដីតំបន់ឆ្នេរដ៏សំខាន់របស់លោក Assad ។
កាលពីថ្ងៃអាទិត្យកន្លងទៅ មេដឹកនាំស៊ីរីលោក Ahmed Sharaa បានសន្យាតាមចាប់ខ្លួនជនល្មើសដែលបង្កឲ្យមានការប៉ះទង្គិចគ្នាហិង្សា ហើយលោកនឹងរួមបញ្ចូលអ្នករាល់គ្នាដែលបានជាន់ឈ្លីរដ្ឋអំណាចរបស់ពួកគេ ។
ប្រភពសន្តិសុខពីកងកម្លាំងស៊ីរី បានឲ្យដឹងមុននេះថា ការប្រយុទ្ធគ្នា បានថមថយនៅជុំវិញទីក្រុង Latakia, Jablah និងទីក្រុង Baniyas ខណៈកងកម្លាំងប្រដាប់អាវុធ រុករកតំបន់ភ្នំជុំវិញ ជាទីដែលក្រុមបះបោរគាំទ្រលោក Assad ប្រហែល ៥ពាន់នាក់កំពុងលាក់ខ្លួននៅទីនោះ ។
ក្រុមអាជ្ញាធរក្រុងដាម៉ាស់ បានបញ្ជូនកងកម្លាំងពង្រឹងច្បាប់ ដើម្បីជួយរក្សាសន្តិសុខនៅខេត្តតំបន់ភ្នំ Latakia ជាកន្លែងដែលព្រៃក្រាស់ជួយលាក់ខ្លួនក្រុមសកម្មប្រយុទ្ធប្រឆាំងរដ្ឋាភិបាលស៊ីរី ៕