កាលពីថ្ងៃចន្ទម្សិលមិញ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីរុលចូលកាន់តែជ្រៅបន្ថែមទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដណ្តើមមកវិញតំបន់ Kursk ជាការគំរាមឡោមព័ទ្ធទាហានអ៊ុយក្រែនរាប់ពាន់នាក់ រយៈពេល ១ថ្ងៃប៉ុណ្ណោះ មុនពេលដែលទីក្រុងគីវមានជំនួបជាមួយក្រុមមន្រ្តីការទូតកំពូលសហរដ្ឋអាមេរិកនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃអង្គារនេះ ។
រូបភាពវីដេអូឃ្លីបដែលបញ្ចេញដោយកងកម្លាំងអាកាសអ៊ុយក្រែនឃើញការបាញ់កាំភ្លើងធំអុយក្រែនមានគោលដៅលើកងកម្លាំងពិសេសរុស្ស៊ី ដែលលូនចម្ងាយរាប់គ.មឆ្លងកាត់តាមបំពង់បង្ហូរឧស្ម័ន ធ្វើឲ្យទាហានអ៊ុយក្រែនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលពួកគេឈរជើងនៅក្នុងដែនដីរុស្ស៊ីជិតទីក្រុង Sudzha ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់ផ្ទៀងផ្ទាត់បានទីតាំងរបស់វីដេអូ និងបំពង់បង្ហូរឧស្ម័នដែលរត់ក្រោមដីនៅទីនោះ ។ ក្នុងវីដេអូនេះ ឃើញទាហានរុស្ស៊ីនៅក្នុងផ្លូវរូងក្រោមដីបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម ។
ទាហានរុស្ស៊ី ដណ្តើមបានទីតាំងឈរជើង ៣កន្លែងបន្ថែមទៀតនៅទីនោះកាលពីថ្ងៃអាទិត្យ ក្រោយប្រើប្រាស់បំពង់បង្ហូរឧស្ម័ន ។ តាមរយៈការឡោមព័ទ្ធទាហានអ៊ុយក្រែន ពួកគេមានបំណងបង្ខំឲ្យកងកម្លាំងអ៊ុយក្រែនរត់ភៀសខ្លួន ឬសុំចុះចាញ់នៅតំបន់ភាគខាងលិចរុស្ស៊ី ។
ដោយឡែក កងទ័ពអាកាសអ៊ុយក្រែននិយាយនៅក្នុងការបង្ហោះសារអមដោយវីដេអូថា ការបាត់បង់របស់សត្រូវមានចំនួនខ្ពស់ខ្លាំងណាស់នៅជុំវិញទីក្រុង Sudzha ៕