ក្រុមមន្រ្តីអ៊ុយក្រែន និយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារអ៊ុយក្រែនដោយប្រើប្រាស់មីស៊ីលបាលីស្ទិក ១គ្រាប់ និងយានដ្រូន ១២៦គ្រឿង បង្កឲ្យឆាប់ឆេះដឺប៉ូស្តុកប្រេង និងបណ្តាលឲ្យមនុស្សយ៉ាងហោច ២នាក់ រងរបួស ។
យោងតាមការអះអាងរបស់សេវាកម្មសង្រ្គោះបន្ទាន់អ៊ុយក្រែន បានឲ្យដឹងថា នៅទីក្រុង Odesa ការវាយប្រហារនេះ បណ្តាលឲ្យដឺប៉ូស្តុកប្រេងមួយកន្លែងឆាប់ឆេះជាអគ្គិភ័យឡើង បំផ្លាញផ្ទះឯកជន និងឃ្លាំងស្តុកសម្ភារៈក្មេងលេង ហើយមនុស្សជាង ១០០នាក់ បានធ្វើការទាំងយប់ ដើម្បីទប់ទល់នឹងការវាយប្រហារទាំងនេះ ។
ការវាយប្រហារនេះដែរ បានកើតមានឡើង ខណៈពេលដែលក្រុមមន្រ្តីរុស្ស៊ី និយាយថា អ៊ុយក្រែនបានបើកការវាយប្រហារយានដ្រូនទ្រង់ទ្រាយធំបំផុតលើទីក្រុងម៉ូស្គូ ក្នុងនោះយានដ្រូនរាប់រយគ្រឿង ត្រូវបានបាញ់ទម្លាក់នៅទូទាំងប្រទេសរុស្ស៊ី ។
លោក Yakivវ័យ ៧៥ឆ្នាំ គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Odesa និយាយថា វាបានប្រែទៅជាផ្សែងខ្មៅ ដោយសារមុននេះ វាគឺជាការវាយប្រហារដ៏ខ្លាំងក្លាមួយ ។ ពួកគេបានព្យាយាមពន្លត់ភ្លើង ពួកគេប្រើទឹកអស់ច្រើនណាស់ ប៉ុន្តែស្ថានភាពនៅតែអាក្រក់ដដែល ។ ពួកយើងអត់បានសម្រាកទេនៅយប់នោះ ៕