សមាជិកសភារុស្ស៊ីដ៏មានឥទ្ធិពលមួយរូប បានធ្វើអត្ថាធិប្បាយលើសំណើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងមន្ត្រីអាមេរិក និងអ៊ុយក្រែន ដោយនិយាយនៅពុធ (១២ មីនា) នេះថា កិច្ចព្រមព្រៀងណាមួយជាមួយអ៊ុយក្រែន ត្រូវតែស្ថិតនៅលើលក្ខខណ្ឌរបស់ទីក្រុងមូស្គូ មិនមែនស្រេចតែលើទីក្រុងវ៉ាស៊ីនតោននោះទេ។

នៅក្នុងសារបង្ហោះលើតេលេក្រាម លោក Konstantin Kosachev ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិនៃក្រុមប្រឹក្សាសហព័ន្ធ ដែលជាសភាជាន់ខ្ពស់រុស្ស៊ី បាននិយាយថា "ពេលនេះ រុស្ស៊ី កំពុងមានប្រៀបនៅអ៊ុយក្រែន ដូច្នេះហើយនឹងពុំមានស្ថានភាពអ្វីកែប្រែសម្រាប់រុស្ស៊ីទេ"។

លោក Kosachev បន្តថា "កិច្ចព្រមព្រៀងណាមួយ - ជាមួយនឹងការយល់ដឹងទាំងអស់ពីតម្រូវការសម្របសម្រួល - ត្រូវតែនៅលើលក្ខខណ្ឌរបស់រុស្ស៊ី មិនមែននៅលើអាមេរិកអ្នកសម្រេចទេ"។ លោកបន្ថែមថា "នេះមិនមែនជាការអួតអាងទេ ប៉ុន្តែកិច្ចព្រមព្រៀងពិតប្រាកដនៅតែត្រូវបានបញ្ជាក់នៅសមរភូមិជួរមុខ ហើយទីក្រុងវ៉ាស៊ីនតោនគួរតែយល់រឿងនេះ" ដោយសំដៅលើការវាយរុលយ៉ាងលឿនរបស់ទ័ពរុស្ស៊ី។

គួរបញ្ជាក់ថា អ៊ុយក្រែន បានយល់ព្រមទទួលយកសំណើរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ ៣០ថ្ងៃភ្លាមៗ និងចាត់វិធានការឆ្ពោះទៅរកការស្តារសន្តិភាពយូរអង្វែង បន្ទាប់ពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់អាមេរិក និងអ៊ុយក្រែន ក្នុងកិច្ចប្រជុំនៅអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអង្គារ (១១ មីនា) ម្សិលមិញនេះ៕