បាល់ទាត់៖ ក្រុមជើងឯកច្រើនសម័យកាលជាងគេនៅ UEFA Champions League, Real Madrid បានឈានឡើងវគ្គ ១៦ក្រុមចុងក្រោយ ២៥រដូវកាលជាប់គ្នាក្រោយយកឈ្នះ Sheriff Tiraspol ៣-០ នៅទឹកដីម៉ុលដូវ៉ា។ អតីតខ្សែការពារ Bayern Munich, David Alaba បើកការនាំមុខមុនដោយបាល់ Freekick ផ្លាតជាមួយអ្នកចាំទី Giorgos Athanasiadis នៅនាទីទី៣០ មុនពេលដែល Toni Kroos បន្ថែមការនាំមុខ ២-០ នៅចុងវគ្គទី១ នាទីទី៤៥+១។

ខ្សែប្រយុទ្ធបារាំង Karim Benzema គឺជាអ្នករកបានគ្រាប់ទី៣ នៅនាទីទី៥៥ វគ្គទី២។ Karim Benzema ទើបតែត្រូវបានតុលាកាសំរេចដាក់ទោសឱ្យជាប់ពន្ធនាគា ១ឆ្នាំ និងពិន័យជាទឹកប្រាក់ ៧៥០០០អឺរ៉ូជុំវិញរឿងក្តីជំរិតទាប្រាក់ ដោះដូរជាមួយវីដេអូអាសអាភាសរបស់អតីតមិត្តរួមក្រុមជំរើសជាតិបារាំង Mathieu Valbuena កាលពីឆ្នាំ២០១៥។ ជ័យជំនះរបស់ Real Madrid មានន័យថា ពួកគេធានាបានកៅអីនៅវគ្គ ១៦ក្រុមចុងក្រោយ តែរង់ចាំប្រកួតចុងក្រោយទើបដឹងថាជាក្រុមលេខ ១ រឺលេខ ២។

Inter Milan យកឈ្នះក្រុមភ្ញៀវអ៊ុយក្រែន Shakhtar Donetsk ២-០ ដោយគ្រាប់បាល់ពីរគ្រាប់ម្នាក់ឯងរបស់ខ្សែប្រយុទ្ធបូស្នៀ Edin Dzeko ដើម្បីធានាកៅអីនៅវគ្គ ១៦ក្រុមដែរដោយមាន ១០ពិន្ទុដេញពីក្រោយ Real Madrid ២ពិន្ទុ។ ប្រកួតចុងក្រោយក្នុងពូល D នេះ Real Madrid នឹងត្រូវជួបជាមួយ Inter Milan ដើម្បីដណ្តើមកៅអីលេខ ១ ក្នុងពូលខណៈក្រុម Sheriff Tiraspol ធានាបានកៅអី Europa League ក្នុងនាមជាក្រុមលេខ ៣ ដោយមាន ៦ពិន្ទុ ខណៈ Shakhtar Donetsk ក្រោមគេមានតែ ១ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ