នគរបាល និងក្រុមបះបោរ បានប្រាប់ឲ្យដឹងថា ចំណាប់ខ្មាំងមួយចំនួន បានទៅដល់ទីក្រុង Quetta របស់ប្រទេសប៉ាគីស្ថាន ដោយសុវត្ថិភាព ក្រោមការផ្ដល់សន្តិសុខយ៉ាងតឹងរ៉ឹង នាព្រឹកថ្ងៃពុធ (ទី១២ ខែមីនា) នេះ បន្ទាប់ពីពួកសកម្មប្រយុទ្ធផ្ដាច់ខ្លួន បានបំផ្ទុះផ្លូវរថភ្លើង និងបានបើកការបាញ់ប្រហារលើរថភ្លើងដឹកអ្នកដំណើរ នៅភាគនិរតីរបស់ប្រទេសនេះ នៅមួយថ្ងៃមុននោះ ដោយបានចាប់ឃុំឃាំងមនុស្សរាប់សិបនាក់ ខណៈដែលពួកគេបានប្រយុទ្ធជាមួយកងកម្លាំងសន្តិសុខ។

សាច់ញាតិនៃអ្នកដំណើរដែលត្រូវបានដោះលែង បានទៅជួបជុំគ្នា នៅស្ថានីយ៍រថភ្លើង Quetta ដោយរង់ចាំយ៉ាងអន្ទះសារ ដើម្បីទទួលមនុស្សជាទីស្រលាញ់របស់ពួកគេ ខណៈដែលអ្នកផ្សេងទៀតស្វែងរកព័ត៌មាន អំពីអ្នកដែលនៅតែបាត់ខ្លួននៅឡើយ។
យ៉ាងណាក្ដី នគរបាលមិនបានបញ្ជាក់ថា តើអ្នកដំណើរប៉ុន្មាននាក់ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅតំបន់ភ្នំដាច់ស្រយាលនោះទេ ប៉ុន្តែក្រុមបះបោរ បានប្រាប់ថា ខ្លួនកំពុងឃុំមនុស្សចំនួន ២១៤នាក់ ហើយបានគំរាមថា នឹងចាប់ផ្ដើមសម្លាប់ពួកគេ។
សូមបញ្ជាក់ថា កងទ័ពរំដោះ Baloch (BLA) ដែលជាក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន បានអះអាងថា ខ្លួនបានបំផ្ទុះផ្លូវរថភ្លើង ហើយ «បានគ្រប់គ្រងរថភ្លើងយ៉ាងឆាប់រហ័ស»។ ក្រុមនេះបានបញ្ជាក់ថា ខ្លួននឹងយកជីវិតមនុស្ស ១០នាក់ ជាការឆ្លើយតបនឹងប្រតិបត្តិការយោធាដែលកំពុងបន្តមាន។
ក្រុម BLA បានទាមទារឲ្យមានការដោះលែង ក្នុងរយៈពេល ៤៨ម៉ោង ចំពោះអ្នកទោសនយោបាយ សកម្មជន និងអ្នកបាត់ខ្លួនផ្សេងទៀតរបស់ក្រុម Baloch ដែលបាននិយាយថា ពួកគេត្រូវបានចាប់ដោយពួកយោធា៕


