អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅប្រទេសហៃទី កាលពីថ្ងៃអង្គារ (ទី១១ ខែមីនា) បានលើកឡើងថា លោកជឿថា ការដោះស្រាយវិបត្តិអសន្តិសុខដែលកំពុងតែកើនឡើង នៅក្នុងប្រទេសតំបន់ការ៉ាអ៊ីពមួយនេះ «អាចសម្រេចបាន» ប្រសិនបើការអនុវត្តច្បាប់ ត្រូវបានគាំទ្រដោយធនធានផ្សេងៗយ៉ាងត្រឹមត្រូវ ហើយបណ្ដាប្រទេសជិតខាងចូលរួមចំណែករបស់ខ្លួន។
អ្នកជំនាញរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅប្រទេសហៃទី លោក William O'Neill បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «យើងកំពុងពិភាក្សាអំពីការមានកម្លាំងនគរបាលអន្តរជាតិដែលត្រូវបានបណ្តុះបណ្តាល និងបំពាក់ឧបករណ៍យ៉ាងល្អប្រហែល ២.៥០០នាក់ ឬអាចនឹង ៣.០០០នាក់។ វាគឺជាកិច្ចការដែលអាចសម្រេចបាន»។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ UN គ្រោងនឹងពិភាក្សា អំពីគំរូគាំទ្រផ្នែកសន្តិសុខចម្រុះគ្នា ដែលនឹងបង្កើតការិយាល័យថវិកា ដើម្បីជួយផ្គត់ផ្គង់បេសកកម្មស្ម័គ្រចិត្តដែលមានស្រាប់ បន្ទាប់ពីកង្វះការរួមចំណែក បានធ្វើឲ្យមានបុគ្គលិកមិនគ្រប់គ្រាន់ និងខ្វះខាតការបំពាក់បរិក្ខារ។
រដ្ឋាភិបាលហៃទី ដែលបានអំពាវនាវឲ្យមានការគាំទ្រផ្នែកសន្តិសុខអន្តរជាតិជាបន្ទាន់ ចាប់តាំងពីឆ្នាំ២០២២ មក ថ្មីៗនេះបានស្នើសុំបេសកកម្មរក្សាសន្តិភាពជាផ្លូវការរបស់ UN ដើម្បីបង្កើនកម្លាំងនគរបាលដែលខ្វះបុគ្គលិក ប៉ុន្តែការស្នើនេះត្រូវបាជំទាស់ពីរុស្ស៊ី និងចិន។
ប៉ុន្តែលោក O'Neill បាននិយាយថា ការិយាល័យគាំទ្រ អាចជួយផ្គត់ផ្គង់ឧបករណ៍សំខាន់ៗ ដូចជា គ្រឿងបន្លាស់ ឧទ្ធម្ភាគចក្រ និងយានជំនិះគ្រប់គ្រាន់ សម្រាប់ការរុករក នៅរដ្ឋធានី និងតំបន់ជនបទសម្បូរភ្នំរបស់ហៃទី។
ហើយជាមួយគ្នានេះ លោកក៏បានអំពាវនាវផងដែរដល់ប្រទេសជិតខាង ជាពិសេសសហរដ្ឋអាមេរិក ដែលជាប្រភពនៃអាវុធខុសច្បាប់ភាគច្រើនរបស់ហៃទី ត្រូវធ្វើកិច្ចការបន្ថែមទៀត ដើម្បីការពារលំហូរកាំភ្លើងខុសច្បាប់កុំឲ្យធ្លាក់ទៅក្នុងដៃក្រុមឧក្រិដ្ឋជន ដោយកត់សម្គាល់ថា នគរបាលព្រំដែនរបស់ហៃទីមិនមានបំពាក់ឧបករណ៍ ដើម្បីការពារការនាំចូលអាវុធទាំងនោះទេ៕


