ប្រធានាធិបតីនៃប្រទេសអង់ហ្គោឡា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ (១២ មីនា) ថា កិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក្រុមឧទ្ទាម M23 នឹងចាប់ផ្តើមនៅក្នុងរដ្ឋធានីអង់ហ្គោឡា នៅថ្ងៃទី១៨ ខែមីនា ខាងមុខនេះ ដើម្បីនាំយកសន្តិភាពនៅភាគខាងកើតកុងហ្គោ។

ប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ បាននិងកំពុងព្យាយាមសម្រុះសម្រួលបទឈប់បាញ់យូរអង្វែង និងបន្ថយភាពតានតឹងរវាងកុងហ្គោ និងប្រទេសជិតខាង រ្វ៉ាន់ដា ដែលត្រូវបានចោទប្រកាន់ថាគាំទ្រក្រុមឧទ្ទាម M23 ប៉ុន្តែរ្វ៉ាន់ដាបដិសេធ។

រដ្ឋាភិបាលកុងហ្គោ តែងបដិសេធមិនចរចាជាមួយក្រុម M23 ហើយកាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនបានទទួលដឹងលឺពីគំនិតផ្តួចផ្តើមរបស់អង់ហ្គោឡា ប៉ុន្តែមិនបានបញ្ជាក់ពីការចូលរួមនោះទេ។ ចំណែក M23 វិញបានអួតថា ខ្លួនបានបង្ខំរដ្ឋាភិបាលកុងហ្គោឱ្យចូលតុចរចា ដោយហៅខ្លួនឯងថាជា "ជម្រើសស៊ីវិល័យតែមួយគត់ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន"។
ក្រុមឧទ្ទាមនេះបានដណ្តើមកាន់កាប់ទីក្រុងធំៗជាងគេចំនួនពីររបស់កុងហ្គោភាគខាងកើត ចាប់តាំងពីខែមករា នៅក្នុងការកើនឡើងនៃជម្លោះដ៏រ៉ាំរ៉ៃមួយដែលបានចាក់ឫសជ្រៅក្នុងកុងហ្គោ ជុំវិញការប្រល័យពូជសាសន៍នៅឆ្នាំ១៩៩៤ របស់ប្រទេសរ្វ៉ាន់ដា និងការតស៊ូដើម្បីគ្រប់គ្រងធនធានរ៉ែដ៏ធំរបស់កុងហ្គោ៕