រដ្ឋមន្ត្រីការបរទេសអារ៉ាប់ បានជួបជាមួយបេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff ក្នុងទីក្រុង Doha ប្រទេសកាតា កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីផែនការកសាងតំបន់ហ្កាហ្សា ដែលគាំទ្រដោយអារ៉ាប់ដែលទើបអនុម័តថ្មីៗ។

រដ្ឋមន្ត្រីការបរទេសមកពីប្រទេសកាតា ហ្ស៊កដានី អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និងអារ៉ាប់រួម រួមជាមួយនឹងអគ្គលេខាធិការនៃគណៈកម្មាធិការប្រតិបត្តិរបស់អង្គការរំដោះប៉ាឡេស្ទីន បានបង្ហាញផែនការកសាងឡើងវិញដល់លោក Witkoff ដោយយល់ស្របជាមួយបេសកជនអាមេរិកនេះ ដើម្បីបន្តការពិគ្រោះយោបល់ និងការសម្របសម្រួលលើផែនការនេះជាមូលដ្ឋាន សម្រាប់កិច្ចខិតខំប្រឹងប្រែងកសាងតំបន់ហ្កាហ្សាឡើងវិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាតា។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋមន្ត្រីអារ៉ាប់ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការខិតខំប្រឹងប្រែងពិតប្រាកដ ដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយ ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។
ពួកគេបានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសន្ទនាដែលកំពុងបន្ត ដើម្បីពង្រឹងបទឈប់បាញ់ និងធ្វើការរួមគ្នា ដើម្បីសន្តិសុខ ស្ថិរភាព និងសន្តិភាពក្នុងតំបន់។
ផែនការកសាងតំបន់ហ្កាហ្សាដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអារ៉ាប់ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី ០៤ ខែមីនា ត្រូវបានគេប៉ាន់ប្រមាណថា នឹងត្រូវចំណាយអស់ ៥៣ ពាន់លានដុល្លារ អាមេរិក ហើយមានគោលបំណងសាងសង់តំបន់ហ្កាហ្សាឡើងវិញ ដោយមិនមានការជម្លៀសប្រជាជនរបស់ខ្លួនឡើយ។