រដ្ឋាភិបាលប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ បានចាត់ទុកសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម រហូតដល់២៥ភាគរយ ថាជាទង្វើ «កំហុសឆ្គងដោយគ្មានហេតុផល»។
ក្រសួងការបរទេសប្រេស៊ីល និងក្រសួងអភិវឌ្ឍន៍ ឧស្សាហកម្មនិងពាណិជ្ជកម្មបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា «វិធានការទាំងនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់ប្រទេសប្រេស៊ីល ទៅកាន់សហរដ្ឋអាមេរិក ដែលសរុបជាទឹកប្រាក់ប្រហែល៣,២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤»។
ក្រុមមន្ត្រី បានចាត់ទុកការសម្រេចនេះ ថាគ្មានហេតុផល ដោយសារតែ «កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ និងសមាហរណកម្មសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ» ដោយនិយាយថា ប្រេស៊ីលគឺជាប្រទេសនាំចូលធ្យូងថ្មផលិតដែកថែបធំបំផុតទីបីរបស់សហរដ្ឋអាមេរិក និងជាអ្នកនាំចេញដែកថែបពាក់កណ្តាលសម្រេច ធំបំផុតទៅកាន់សហរដ្ឋអាមេរិក។
រដ្ឋាភិបាលបាននិយាយបន្ថែមថា សហរដ្ឋអាមេរិក រក្សាអតិរេកពាណិជ្ជកម្មយូរអង្វែងមកហើយ ជាមួយប្រទេសប្រេស៊ីល ដែលក្នុងឆ្នាំ២០២៤ មានចំនួនទឹកប្រាក់ប្រហែល៧ពាន់លានដុល្លារលើមុខទំនិញ តែមួយឆ្នាំប៉ុណ្ណោះ។
ក្រុមមន្ត្រី និយាយថា ប្រទេសប្រេស៊ីលនឹងស្វែងរកការឆ្លើយតបពាណិជ្ជកម្មដែលអាចធ្វើទៅបានទាំងអស់នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្នុងគោលបំណង «ដើម្បីប្រឆាំងទៅនឹងផលប៉ះពាល់ដ៏មហន្តរាយ នៃចំណាត់ការរបស់សហរដ្ឋអាមេរិក និងការពារផលប្រយោជន៍របស់ប្រទេសដោយស្របច្បាប់»។