របាយការណ៍ពីក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ (១៣ មីនា) ថា អ៊ីស្រាអែល បានប្រព្រឹត្តអំពើ "ប្រល័យពូជសាសន៍" ប្រឆាំងនឹងប្រជាពលរដ្ឋប៉ាឡេស្ទីន ដោយបំផ្លាញជាប្រព័ន្ធនូវទីតាំងថែទាំសុខភាពសម្រាប់ស្រ្តី ក្នុងអំឡុងពេលសង្រ្គាមនៅដែនដីហ្កាហ្សា ហើយបានប្រើប្រាស់អំពើហិង្សាផ្លូវភេទជាយុទ្ធសាស្រ្តនៃសង្រ្គាម។

លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បានបដិសេធរបាយការណ៍នោះ ដោយនិយាយថា ការរកឃើញរបស់អ្នកជំនាញទាំងនេះមានភាពលម្អៀង និងមានទំនោរប្រឆាំងជនជាតិជ្វីហ្វ។ លោកបានលើកឡើងថា "ជំនួសឱ្យការផ្ដោតទៅលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម របស់អង្គការភេរវករហាម៉ាស ពេលនេះ អង្គការសហប្រជាជាតិ ជាថ្មីម្តងទៀត បានជ្រើសរើសវាយប្រហាររដ្ឋអ៊ីស្រាអែល ជាមួយនឹងការចោទប្រកាន់មិនពិត"។

របាយការណ៍នេះក៏បានចោទប្រកាន់កងកម្លាំងសន្តិសុខអ៊ីស្រាអែល ថាបានប្រើប្រាស់ការបណ្តេញចេញជាសាធារណៈដោយបង្ខំ និងការរំលោភបំពានផ្លូវភេទ ដែលជាផ្នែកមួយនៃនីតិវិធីប្រតិបត្តិការស្តង់ដាររបស់ពួកគេ រួមទាំងអំពើព្រៃផ្សៃផ្សេងទៀត ដើម្បីដាក់ទណ្ឌកម្មប្រជាជនប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស ទៅលើភាគខាងត្បូងអ៊ីស្រាអែល ក្នុងខែតុលា ឆ្នាំ២០២៣។

អ៊ីស្រាអែល បានបដិសេធការចោទប្រកាន់ទាំងនោះ ដោយនិយាយថា កងកម្លាំងរបស់ខ្លួនមានបទបញ្ជា និងគោលការណ៍ត្រឹមត្រូវ ដែលទប់ស្កាត់មិនឱ្យទាហានប្រព្រឹត្តខុស ដោយបន្ថែមថា ការត្រួតពិនិត្យដំណើរការយោធារបស់ខ្លួនគឺត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ៕