អង្គការសុខភាពពិភពលោក WHO និងទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៣ មីនា) ថា ករណីជំងឺកញ្ជ្រឹលនៅក្នុងតំបន់អឺរ៉ុប បានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំ២០២៤ ហើយឈានដល់កម្រិតខ្ពស់បំផុតក្នុងពេល ២៥ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៧ មក។

ការវិភាគមួយរបស់អង្គការ WHO និង UNICEF បានរកឃើញថា ចំនួនករណីជំងឺកញ្ជ្រឹល ដែលត្រូវបានរាយការណ៍នៅក្នុងតំបន់អ៊ឺរ៉ុប បានកើនឡើងដល់ ១២៧.៣៥២ករណី ក្នុងឆ្នាំ២០២៤ ដែលជាចំនួនទ្វេដងនៃតួលេខដែលបានរាយការណ៍ពីឆ្នាំមុននោះ។

របាយការណ៍និយាយថា កុមារអាយុក្រោម ៥ឆ្នាំមានចំនួន ៤០% នៃអ្នកដែលបានឆ្លងជំងឺកញ្ជ្រឹលនៅក្នុងតំបន់នេះ ដោយបន្ថែមថា កុមារកន្លះលាននាក់បានខកខានការចាក់វ៉ាក់សាំងដូសដំបូងដើម្បីបង្ការជំងឺកញ្ជ្រឹលក្នុងឆ្នាំ២០២៣។ របាយការណ៍បន្តថា តំបន់អឺរ៉ុប មានចំនួនមួយភាគបីនៃករណីជំងឺកញ្ជ្រឹលទាំងអស់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ ខណៈការចាក់វ៉ាក់សាំងក៏ធ្លាក់ចុះ "ក្រោមកម្រិតណែនាំ ដែលជាអត្រានៃការចាក់វ៉ាក់សាំង ៩៥% ឬខ្ពស់ជាងនេះ"។

ស្ថានភាពនេះគឺស្រួចស្រាវខ្លាំងនៅប្រទេសបូស្នី និងហឺហ្សេហ្គោវីណា ព្រមទាំងម៉ុងតេណេហ្គ្រោ ម៉ាសេដូនីខាងជើង និងរូម៉ានី ដែលរបាយការណ៍បាននិយាយថា មានកុមារតិចជាង ៨០% ប៉ុណ្ណោះ បានទទួលវ៉ាក់សាំងប្រឆាំងនឹងជំងឺកញ្ជ្រឹលក្នុងឆ្នាំ២០២៣៕