បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីប៊ី (UNSMIL) កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានប្រឆាំងនឹងព័ត៌មានមិនពិត និងពាក្យសម្ដីស្អប់ខ្ពើម ចំពោះជនភៀសខ្លួននិងជនអន្តោប្រវេសន៍ នៅក្នុងប្រទេសលីប៊ី។
UNSMIL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីប៊ីមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះយុទ្ធនាការផ្តល់ព័ត៌មានមិនពិត ដែលកំពុងជំរុញឲ្យមានភាពតានតឹងនៅក្នុងប្រទេសលីប៊ី និងការញុះញង់ឲ្យមានការស្អប់ខ្ពើមប្រឆាំងនឹងជនភៀសខ្លួន និងជនអន្តោប្រវេសន៍។
បេសកកម្មនេះ បានជំរុញឲ្យតួអង្គទាំងអស់ជៀសវាងពីការផ្សព្វផ្សាយព័ត៌មាន ដែលមិនបានបញ្ជាក់ និងធានាថា ការនិយាយជាសាធារណៈ គឺផ្អែកលើការពិត និងគោរពសិទ្ធិមនុស្ស។
កាលពីថ្ងៃព្រហស្បតិ៍ផងដែរ នាយករដ្ឋមន្ត្រីលីប៊ីលោក Abdul-Hamed Dbeibah បានបដិសេធពាក្យចចាមអារ៉ាមអំពីចេតនារបស់រដ្ឋាភិបាល ក្នុងការរៀបចំទីតាំងថ្មីសម្រាប់ជនអន្តោប្រវេសន៍ នៅក្នុងប្រទេសនេះ ដោយសង្កត់ធ្ងន់លើការបដិសេធជាដាច់ខាតរបស់រដ្ឋាភិបាល ចំពោះការតាំងទីលំនៅបែបនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយរដ្ឋាភិបាល លោក Dbeibah បានសង្កត់ធ្ងន់ថា ប្រទេសលីប៊ី «នឹងមិនក្លាយជាជម្រកសម្រាប់ការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់» ហើយថា សន្តិសុខ និងស្ថិរភាពរបស់ប្រជាជនលីប៊ី គឺជាបន្ទាត់ក្រហម។
សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់បន្ថែមថា ប្រទេសលីប៊ី បាននិរទេសជនអន្តោប្រវសេន៍ខុសច្បាប់ចំនួន ៣២.០០០ នាក់ ក្នុងឆ្នាំ ២០២៤ និង ២០.០០០ នាក់ នៅឆ្នាំ ២០២៣ ដោយបញ្ជូនពួកគេត្រឡប់ទៅប្រទេសដើមវិញ។