អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) សម្រាប់ប្រទេសស៊ីរី លោក Adam Abdelmoula កាលពីថ្ងៃសុក្រ (ទី១៤ ខែមីនា) បានអំពាវនាវឲ្យប្រជាជនស៊ីរីទាំងអស់ធានាឲ្យបាននូវឯកភាពជាតិ និងឲ្យអ្នកដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មនៅតំបន់ឆ្នេរនៃប្រទេសនេះ ទទួលខុសត្រូវ។
អំឡុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters នៅឯការិយាល័យរបស់លោក ក្នុងទីក្រុងដាម៉ាស លោក Abdelmoula បាននិយាយថា៖ «វាជាការទទួលខុសត្រូវ សម្រាប់មនុស្សគ្រប់គ្នា ក្នុងការធ្វើការរួមគ្នាដើម្បីធានាឯកភាពជាតិ ហើយថា ប្រទេសស៊ីរី គឺសម្រាប់ប្រជាជនស៊ីរីទាំងអស់ ហើយពួកគេត្រូវតែរួមគ្នាស្វែងរកមូលដ្ឋានរួម ស្តារសន្តិភាពស៊ីវិលឡើងវិញ និងធ្វើការឆ្ពោះទៅរកការផ្ទេរអំណាចដោយសន្តិវិធី ដែលនឹងនាំទៅដល់ប្រទេសស៊ីរីដែលមានស្ថិរភាព ប្រជាធិបតេយ្យ ឯកភាព និងវិបុលភាព»។
លោក Abdelmoula បានបន្ថែមថា មធ្យោបាយតែមួយគត់ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មមិនឲ្យកើតឡើងម្តងទៀតនោះ គឺត្រូវឃុំខ្លួនអ្នកដែលប្រព្រឹត្តបទឧក្រិដ្ឋនោះ ដើម្បីឲ្យទទួលខុសត្រូវ ចំពោះទង្វើរបស់ពួកគេ ពីព្រោះ «ការរារាំងតែមួយគត់ គឺការឲ្យទទួលខុសត្រូវហ្នឹងឯង»។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាដោយហិង្សាជាច្រើនថ្ងៃ នៅតំបន់ឆ្នេរនៃប្រទេសស៊ីរី គឺជាការប្រយុទ្ធគ្នា រវាងក្រុមអ្នកស្មោះត្រង់ ចំពោះអតីតប្រធានាធិបតីលោក Bashar al-Assad ដែលត្រូវបានទម្លាក់ចេញពីអំណាច និងមេដឹកនាំឥស្លាមនិយមថ្មីរបស់ប្រទេសនេះ។ ស្ថាប័នឃ្លាំមើលសង្គ្រាមបានឲ្យដឹងថា មនុស្សជាង ១.០០០នាក់ត្រូវបានសម្លាប់៕



