ក្រុមមន្ត្រីរុស្ស៊ី បាននិយាយថា កងកម្លាំងទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ (១៦ មីនា) បានបន្តប្រយុទ្ធយ៉ាងខ្លាំងក្លាដើម្បីវាយរុញទាហានអ៊ុយក្រែន ក្រុមចុងក្រោយ ឱ្យចេញពីភាគខាងលិចរុស្ស៊ី បន្ទាប់ពីការវាយលុករយៈពេល ៧ខែរបស់អ៊ុយក្រែន ដែលមានគោលបំណងបង្វែរការផ្ដោតរបស់កងកម្លាំងទីក្រុងមូស្គូ និងទទួលបានថ្នូរចរចា ព្រមទាំងដាក់សម្ពាធលើលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។

នៅក្នុងសមរភូមិដ៏តានតឹងបំផុតមួយនៃសង្រ្គាមអ៊ុយក្រែនរយៈពេល ៣ឆ្នាំ កងកម្លាំងទីក្រុងគីវ បានវាយទម្លុះឆ្លងកាត់ព្រំដែនភាគខាងលិចរបស់រុស្ស៊ី នៅតំបន់ Kursk កាលពីខែសីហា ឆ្នាំមុន។ ប៉ុន្តែការវាយបករបស់រុស្ស៊ី បានកាត់បន្ថយតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន មកត្រឹមប្រហែល ១១០គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ដោយធ្លាក់ចុះពីតួលេខជាង ១៣.០០គីឡូម៉ែត្រក្រឡា ដែលទីក្រុងគីវ ដណ្ដើមបានកាលពីឆ្នាំមុន នេះបើយោងតាមផែនទីប្រភពបើកចំហ។

អ្នកសរសេរប្លុកយោធាគាំទ្ររុស្ស៊ី Yuri Podolyaka បាននិយាយថា រុស្ស៊ីបានវាយរុញច្រានកងកម្លាំងអ៊ុយក្រែន ត្រឡប់ទៅជាយព្រំដែនវិញនៅតំបន់ខ្លះ ប៉ុន្តែការប្រយុទ្ធគ្នាខ្លាំងក្លានៅតែកំពុងដំណើរការ ហើយកងកម្លាំងអ៊ុយក្រែន កំពុងវាយបកវិញខ្លះៗនៅពេលកំពុងដកថយ។

ផែនទីសមរភូមិទាំងពីអ៊ុយក្រែន និងរុស្ស៊ី បានបង្ហាញថា មានតែកងកម្លាំងអ៊ុយក្រែនមួយក្ដាប់តូចប៉ុណ្ណោះដែលស្ថិតនៅខាងរុស្ស៊ី នៃព្រំដែន Kursk។ រុស្ស៊ីបាននិយាយថា ខ្លួនកំពុងបោសសម្អាតមីនជាច្រើននៅក្នុងតំបន់នោះបន្ទាប់ពីការដណ្ដើមបានមកវិញ៕