ក្រុមអ្នកតវ៉ាអ៊ីស្រាអែល និងសាច់ញាតិរបស់ចំណាប់ថ្នូរ បានមកប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យ ក្នុងទីក្រុង Tel Aviv ទាមទារឱ្យមានកិច្ចព្រមព្រៀងចំណាប់ថ្នូរ និងបទឈប់បាញ់ជាមួយក្រុមហាម៉ាស។ ក្នុងអំឡុងពេលនៃការប្រមូលផ្តុំគ្នា ក្រុមអ្នកតវ៉ាបានរិះគន់ចំណាត់ការរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ក្នុងការបណ្តេញប្រធានអង្គភាពសេវាចារកម្មក្នុងស្រុក Shin Bet ហើយបានចាត់ទុកថា វាជា «សង្រ្គាមប្រឆាំងចំណាប់ថ្នូរ»។

លោក Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានស្នើឱ្យរដ្ឋាភិបាលអនុម័តការបណ្តេញ ប្រធានអង្គភាពសេវាចារកម្មក្នុងស្រុក Shin Bet លោក Ronen Bar ។

ការបណ្តេញលោក Ronen Bar ទំនងជានឹងធ្វើឲ្យមានការរិះគន់យ៉ាងទូលំទូលាយ ខណៈអ៊ីស្រាអែលប្រឈមនឹងការរំពឹងទុកនៃការប្រយុទ្ធគ្នាជាថ្មីនៅតំបន់ហ្កាហ្សា ដោយចំណាប់ថ្នូរអ៊ីស្រាអែលរាប់សិបនាក់នៅតែត្រូវបានឃុំខ្លួន នៅទីនោះ។
លោក Netanyahu បាននិយាយថា លោកបានបាត់បង់ទំនុកចិត្តជាយូរមកហើយលើលោក Bar ហើយ ការជឿទុកចិត្តលើប្រមុខអង្គភាពសេវាសន្តិសុខក្នុងស្រុក ដែលតួនាទីរបស់ប្រធានអង្គភាពរូបនេះ រួមមានការប្រឆាំងភេរវកម្ម និងសន្តិសុខសម្រាប់មន្ត្រីរដ្ឋាភិបាល គឺមានសារៈសំខាន់ជាពិសេសនៅពេលមានសង្រ្គាម។