មនុស្សម្នារាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅលើតំបន់ឆ្នេរ Copacabana ទីក្រុង Rio de Janeiro របស់ប្រេស៊ីល កាលពីថ្ងៃអាទិត្យ (១៦ មីនា) ក្នុងការបង្ហាញការគាំទ្រដល់អតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលកំពុងប្រឈមនឹងការចោទប្រកាន់ពីបទដឹកនាំផែនការផ្តួលរំលំរដ្ឋាភិបាល និងបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស បន្ទាប់ពីលោកចាញ់ការបោះឆ្នោតឆ្នាំ២០២២។

បទចោទលើអតីតមេទ័ពរូបនេះ និងសម្ព័ន្ធមិត្តសំខាន់ៗមួយចំនួនរបស់លោក នឹងធ្វើឡើងនៅចំពោះមុខក្រុមចៅក្រម ៥នាក់នៅតុលាការកំពូលរបស់ប្រេស៊ីល នៅថ្ងៃទី២៥ ខែមីនា ខាងមុខ។ ប្រសិនបើចៅក្រមយល់ព្រមស្តាប់សវនាការកាត់ក្តីនេះ នោះលោក Bolsonaro និងអ្នកផ្សេងទៀតដែលបានបដិសេធបទចោទទាំងឡាយ នឹងក្លាយជាចុងចោទជាផ្លូវការ។

នៅក្នុងបាតុកម្មកាលពីថ្ងៃអាទិត្យ ប្រជាជនដែលកំពុងតវ៉ា បានទាមទារការលើកលែងទោសដល់អតីតប្រធានាធិបតីរូបនេះ និងអ្នកគាំទ្រ ដែលត្រូវចោទថាបានរុះរើអគាររដ្ឋាភិបាល ប៉ុន្មានថ្ងៃបន្ទាប់ពីការឡើងកាន់តំណែងរបស់ប្រធានាធីបតីបច្ចុប្បន្ន គឺលោក Luiz Inácio Lula da Silva។

លោក Bolsonaro ដែលកបានបង្ហាញខ្លួននៅក្នុងការប្រមូលផ្ដុំនោះ បានធានាទំនុកចិត្តដល់អ្នកគាំទ្ររបស់ខ្លួនថា សំណើស្នើសុំការលើកលែងទោសដល់អ្នកពាក់ព័ន្ធក្នុងសំណុំរឿងនេះកំពុងទទួលបានការអនុម័តនៅក្នុងសភាជាន់ទាប៕