អង្គការសុខភាពពិភពលោក(WHO) បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ មីនា ថា ការសម្រេចចិត្តរបស់រដ្ឋបាល លោក Trump ក្នុងការផ្អាកជំនួយបរទេសរបស់សហរដ្ឋអាមេរិក បាន «ប៉ះពាល់យ៉ាងខ្លាំង» ដល់ការផ្គត់ផ្គង់ការព្យាបាលជំងឺអេដស៍នៅក្នុងប្រទេសចំនួន៨ដែលអាចនឹងអស់ឱសថសង្គ្រោះជីវិត ក្នុងពេលឆាប់ៗនេះ។

ទីភ្នាក់ងារសុខភាពពិភពលោក បាននិយាយថា ប្រទេសហៃទី កេនយ៉ា ឡេសូថូ ស៊ូដង់ខាងត្បូង ប៊ួគីណាហ្វាសូ ម៉ាលី នីហ្សេរីយ៉ា និងប្រទេសអ៊ុយក្រែន អាចអស់ការផ្គត់ផ្គង់ការព្យាបាលជំងឺអេដស៍ ក្នុងរយៈពេលប៉ុន្មានខែ ខាងមុខនេះ។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ការបង្អាក់ដល់កម្មវិធីជំងឺអេដស៍ មិនអាចធ្វើឲ្យមានវឌ្ឍនភាពរយៈពេល២០ ឆ្នាំ»។ លោកបាននិយាយបន្ថែមថា បញ្ហានេះ អាចនាំឱ្យមានករណីផ្ទុកមេរោគអេដស៍បន្ថែមជាង ១០ លាននាក់ និងអ្នកស្លាប់ទាក់ទងនឹងមេរោគអេដស៍ ៣ លាននាក់។

កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនស្វិតដៃជើង ជំងឺគ្រុនចាញ់ និងជំងឺរបេង បានរងផលប៉ះពាល់ដោយការផ្អាកជំនួយបរទេសរបស់សហរដ្ឋអាមេរិក ដែលត្រូវបានអនុវត្តដោយប្រធានាធិបតី លោក Donald Trump ភ្លាមៗបន្ទាប់ពីលោកបានចូលកាន់តំណែង ក្នុងខែមករា។