នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសនេះ កំពុងស្វែងរកជម្រើសដែលអាចកើតមានចំពោះកិច្ចព្រមព្រៀងរបស់ខ្លួន ក្នុងការទិញយន្តហោះចម្បាំងអាមេរិក ដែលជាផ្នែកមួយ ដោយសារខ្លួនពឹងផ្អែកច្រើនពេកទៅលើសហរដ្ឋអាមេរិកសម្រាប់សន្តិសុខ។
លោក Carney បានធ្វើការអត្ថាធិប្បាយ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីចេញបញ្ជាឲ្យពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងដែលមានតម្លៃ ១៩ ពាន់លានដុល្លារកាណាដា (១៣,២៩ ពាន់លានដុល្លារអាមេរិក) សម្រាប់យន្តហោះចម្បាំង F-35 ចំនួន ៨៨ គ្រឿង ពីក្រុមហ៊ុន Lockheed Martin ។ ប្រទេសកាណាដា កំពុងជាប់គាំងក្នុងសង្គ្រាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។
ក្រសួងការពារជាតិកាណាដា និយាយថា កិច្ចសន្យា នៅជាធរមាន ហើយទីក្រុងអូតាវ៉ា បានធ្វើការកិច្ចព្រមព្រៀងតាមច្បាប់ ដើម្បីទិញយន្តហោះ F-35 ចំនួន ១៦ គ្រឿងដំបូង។ លោក Carney បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកាណាដា នឹងសម្លឹងមើលទៅកន្លែងផ្សេងទៀត។
លោកបានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងឡុងដ៍ថា៖«វាច្បាស់ណាស់ថា ទំនាក់ទំនងសន្តិសុខរបស់យើង...គឺផ្តោតខ្លាំងពេកលើសហរដ្ឋអាមេរិក យើងត្រូវតែធ្វើពិពិធកម្ម» ដោយបញ្ជាក់ថា ប្រទេសកាណាដា បានចំណាយប្រហែល ៨០% នៃថវិកាការពារជាតិរបស់ខ្លួន ទៅលើអាវុធរបស់សហអាមេរិក។