ទីក្រុងសេអ៊ូល នៅថ្ងៃអង្គារ (ទី១៨ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន នឹងជួបប្រជុំគ្នា នៅទីក្រុងតូក្យូ នាចុងសប្តាហ៍នេះ ដើម្បីពិភាក្សាពីបញ្ហានានា ខណៈដែលប្រទេសជិតខាងទាំង៣ ប្រឹងប្រែងចាត់វិធានការលើកកម្ពស់ទំនាក់ទំនង ក្នុងតំបន់។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul រួមជាមួយសមភាគីជប៉ុន និងចិន គឺលោក Iwaya Takeshi និងលោក Wang Yi នឹង «ផ្លាស់ប្តូរទស្សនៈលើបញ្ហាផ្សេងៗ ដើម្បីធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការត្រីភាគី»។
សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា កិច្ចប្រជុំ នៅទីក្រុងតូក្យូរបស់ប្រទេសជប៉ុន នាថ្ងៃសៅរ៍នេះ នឹងក្លាយជាជំនួបថ្នាក់រដ្ឋមន្ត្រីត្រីភាគីលើកទី១១ ដោយកិច្ចប្រជុំបែបនេះលើកចុងក្រោយ បានធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងកំពង់ផែ Busan របស់កូរ៉េខាងត្បូង។ ទីក្រុងសេអ៊ូល បានបញ្ជាក់ទៀតថាប្រទេសទាំង៣ នឹងធ្វើកិច្ចចរចាទ្វេភាគី នៅខាងក្រៅកិច្ចប្រជុំកំពូលត្រីភាគីនេះ។
ចំណែកទីក្រុងប៉េកាំងក៏បានបញ្ជាក់ពីកិច្ចប្រជុំនេះផងដែរ ដោយអ្នកនាំពាក្យ បានប្រាប់ថា លោក Wang ក៏នឹង «ធ្វើជាសហប្រធាននៃកិច្ចសន្ទនាសេដ្ឋកិច្ចកម្រិតខ្ពស់ចិន-ជប៉ុនលើកទី៦» ជាមួយសមភាគីជប៉ុនរបស់លោក។
រីឯទូរទស្សន៍សាធារណៈ NHK របស់ជប៉ុន បានផ្សាយថា កិច្ចប្រជុំនេះ ត្រូវបាន «រំពឹងគេថា នឹងមានការពិភាក្សា អំពីកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យជាច្រើន ដូចជាការផ្លាស់ប្តូរប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិធានការប្រយុទ្ធប្រឆាំងនឹងអត្រាកំណើតធ្លាក់ចុះជាដើម»៕