បណ្ដាប្រទេសអឺរ៉ុបខាងជើងជាច្រើនបានជំរុញកាលពីថ្ងៃអង្គារ (១៨ មីនា) ថា សហភាពអឺរ៉ុបត្រូវតែកំណត់ជាបន្ទាន់នូវផែនទីបង្ហាញផ្លូវច្បាស់លាស់មួយសម្រាប់អ៊ុយក្រែន ដើម្បីក្លាយជាសមាជិកពេញលេញនៃប្លុកនេះ ស្របពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា ប្រទេសហុងគ្រី កំពុងព្យាយាមធ្វើឱ្យខូចឱកាសរបស់ទីក្រុងគីវ។

នៅក្នុងលិខិតរួមមួយ ដែលទទួលបានដោយសារព័ត៌មាន POLITICO កាលពីថ្ងៃអង្គារ បានឱ្យដឹងថា បណ្ដាប្រមុខការទូតមកពីស៊ុយអែត ហ្វាំងឡង់ ដាណឺម៉ាក ឡាតវី លីទុយអានី និងអេស្តូនី បានអំពាវនាវឱ្យទីក្រុងប្រ៊ុចសែល បង្កើត "សំណើជាក់ស្តែងអំពីមធ្យោបាយជំរុញដំណើរការចូលជាសមាជិករបស់អ៊ុយក្រែនយ៉ាងច្បាស់លាស់"។

ជំហាននេះកើតឡើងនៅពេលដែលអឺរ៉ុបកំពុងប្រឹងប្រែងបង្កើនការគាំទ្រដល់អ៊ុយក្រែន ខណៈភាពតានតឹងកាន់តែអាក្រក់រវាងបន្លុកអឺរ៉ុប ជាមួយរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump។ ទោះជាប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហើបជាសាធារណៈថា អ៊ុយក្រែនអាចចូលរួមជាមួយប្លុកនេះនៅឆ្នាំ២០៣០ ក៏ដោយ ក៏ប៉ុន្តែប្រទេសហត្ថលេខីជាច្រើន ឥឡូវនេះចង់ឱ្យមានវិធានការបន្ទាន់ដើម្បីធ្វើឱ្យប្រាកដថារឿងនេះពិតជានឹងកើតឡើង។
ទោះជាយ៉ាងនេះក្ដី នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán បានប្រឆាំងយ៉ាងជាប់លាប់ក្នុងការទទួលយកអ៊ុយក្រែន ទៅកាន់ប្លុកដ៏ខ្លាំងក្លាចំនួន ២៧ប្រទេសនេះ ហើយក្រុមអ្នកការទូតហុងគ្រី នៅទីក្រុងប្រ៊ុចសែល បានបន្តការជំទាស់ក្នុងអំឡុងពេលកិច្ចចរចានានា ដែលរៀបចំឡើងដើម្បីពង្រឹងស្ថាប័នទីក្រុងគីវ និងធានាឱ្យមានស្ថិរភាពផ្នែកសេដ្ឋកិច្ច និងនយោបាយ៕