នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni កាលពីថ្ងៃអង្គារ (ទី១៨ ខែមីនា) បានអំពាវនាវឲ្យមាន «វិធីសាស្ត្រជាក់ស្តែង» ដើម្បីការពារជម្លោះ EU-US (សហភាពអឺរ៉ុប-សហរដ្ឋអាមេរិក) ពាក់ព័ន្ធនឹងបញ្ហាពន្ធកុំឲ្យរាលដាលទៅជាសង្គ្រាមពាណិជ្ជកម្មទាំងស្រុង ហើយលោកស្រីបានបង្ហាញការគាំទ្រ ចំពោះកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីឲ្យមានបទឈប់បាញ់នៅអ៊ុយក្រែន។
ដោយថ្លែងទៅកាន់ព្រឹទ្ធសភាអ៊ីតាលី នៅមុនកិច្ចប្រជុំរបស់បណ្ដាមេដឹកនាំ EU ក្នុងសប្តាហ៍នេះ លោកស្រី Meloni បានធ្វើការអត្ថាធិប្បាយយ៉ាងទូលំទូលាយជាលើកដំបូង ទាក់ទងនឹងគោលនយោបាយរបស់លោក Trump ដែលបានធ្វើឲ្យអឺរ៉ុបរំជើបរំជួល ក្នុងរយៈពេល ២ខែ ចាប់តាំងពីលោកឡើងកាន់តំណែងជាផ្លូវការ។
លោកស្រី Meloni បានប្រើសម្ដីការទូត ស្ដីអំពីបញ្ហាពន្ធគយ និងបានបង្ហាញការគាំទ្រ ចំពោះចំណាត់ការរបស់លោក Trump ដើម្បីបង្កើតឲ្យមានបទឈប់បាញ់រយៈពេល ៣០ថ្ងៃ នៅក្នុងប្រទេសអ៊ុយក្រែន ជាផ្លូវដ៏មានសក្ដានុពល ដែលអាចឈានទៅដល់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនបាន។
ជាមួយគ្នានេះ លោកស្រីក៏បានច្រានចោលផងដែរនូវការបញ្ជូនទាហានអ៊ីតាលីទៅកាន់អ៊ុយក្រែន និងបាននិយាយប្រឆាំងនឹងសំណើឲ្យមានកងកម្លាំងសន្តិសុខរបស់អង់គ្លេស និងបារាំង។ ហើយបន្ថែមពីលើនោះទៀត លោកស្រីនាយករដ្ឋមន្ត្រីរូបនេះ បានសន្យាថា នឹងបន្តទៅមុខជាមួយនឹងផែនការដ៏ចម្រូងចម្រាស និងជាប់គាំង ក្នុងការត្រួតពិនិត្យជនអន្តោប្រវេសន៍ នៅខាងក្រៅព្រំដែនរបស់ EU ក្នុងប្រទេសអាល់បានី៕