បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United យកបានមួយពិន្ទុពីក្រុមកំពូលតារាងតោខៀវ Chelsea យប់មិញក្រោយស្មើគ្នា ១-១ នៅទឹកដី Stamford Bridge ស្របពេលខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo នៅអង្គុយកៅអីបម្រុងមុនផ្លាស់ប្តូរចូលនៅវគ្គទី២។

បន្ទាប់ពីស្មើគ្នានៅវគ្គទី១ គ្មានក្រុមណារកគ្រាប់បាល់បាន ចូលវគ្គទី២ បានតែ ៥នាទី Jadon Sancho បើកការនាំមុខឱ្យ Manchester United នៅនាទីទី៥០ បន្ទាប់ពីកំហុសរបស់ Jorginho។ Chelsea ក៏តាមស្មើមកវិញនៅនាទីទី៦៩ ដោយបាល់ពិន័យ ១១ម៉ែត្ររបស់ Jorginho ក្រោយកំហុសរបស់ Aaron Wan-Bissaka លើ Thiago Silva នៅក្នុងប្រអប់។ ត្រូវបានចោទសួរដោយអ្នកកាសែតក្រោយចប់ការប្រកួតថា តើការដាក់ Cristiano Ronaldo ឱ្យបម្រុងមានពាក់ព័ន្ធនឹងអនាគតអ្នកចាត់ការបណ្តោះអាសន្ន Ralf Rangnick រឺទេ Michael Carrick បានឆ្លើយតបថាមិនពាក់ព័ន្ធគ្នាទេ នេះគឺជាផែនការរបស់ក្រុម។

Manchester United រំពឹងថានឹងប្រកាសពីការមកដល់របស់អ្នកចាត់ការថ្មីលោក Ralf Rangnick ឆាប់ៗនេះដើម្បីមកកាន់តំណែងដឹកនាំបណ្តោះអាសន្នរហូតចប់រដូវកាល។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះធ្លាប់បានរិះគន់ Cristiano Ronaldo ថា អតីតខ្សែប្រយុទ្ធ Real Madrid រូបនេះមានវ័យចំណាស់ពេកហើយនឹងឱ្យលេងជំរើសដំបូង៕
អត្ថបទ៖នាង សុភាវុធ