នគរបាលហុងឌូរ៉ាស់ ប្រកាសថា សាកសពជនរងគ្រោះ ១២នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅក្នុងប្រទេសហុងឌូរ៉ាស់ ត្រូវបានស្រង់ចេញពីសមុទ្រ ហើយអ្នករស់រាន ៣នាក់ ក្នុងចំណោមអ្នករស់រាន ៥នាក់ បន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងនោះអ្នករស់រានម្នាក់ គឺជាជនជាតិបារាំងរស់នៅក្នុងប្រទេសនៅអាមេរិកកណ្តាលមួយនេះ ។
យន្តហោះបានធ្លាក់នៅជិតតំបន់ឆ្នេរសមុទ្រការ៉ាអ៊ីបរបស់ប្រទេសហុងឌូរ៉ាស់កាលពីយប់ថ្ងៃចន្ទ រយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយហោះឡើងពីកោះ Roatan បន្សល់ទុកអ្នករស់រានត្រឹមតែ ៥នាក់ប៉ុណ្នោះ ។
យោងតាមការអះអាងរបស់រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនហុងឌូរ៉ាស់ បានឲ្យដឹងថា បំណែកយន្តហោះខ្នាតតូច Jetstream ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ហុងឌូរ៉ាស់ Lanhsa ត្រូវបានរកឃើញនៅចម្ងាយប្រហែល ១គ.មពីតំបន់ឆ្នេរកោះ ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា អ្នកដំណើររស់រាន រួមមានទាំងជនជាតិសហរដ្ឋអាមេរិកម្នាក់ ជនជាតិបារាំងម្នាក់ដែលស្ថិតក្នុងស្ថានភាពរួចផុតពីគ្រោះថ្នាក់នៅមន្ទីរពេទ្យក្រុង San Pedro Sula ស្ថិតភាគខាងជើងប្រទេសហុងឌូរ៉ាស់ ជាមួយនឹងអ្នករស់រាន ២នាក់ទៀត ។
សូមបញ្ជាក់ថា កោះ Roatan ដែលជាកោះធំបមផុតនៃប្រជុំកោះឆកសមុទ្រ ស្ថិតនៅជិតតំបន់ឆ្នេរហុងឌូរ៉ាស់ គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ហើយនៅទីនេះ ល្បីល្បាញខ្លាំងសម្រាប់ផ្កាថ្មប៉ប្រះទឹក ៕