ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា ប្រទេសរបស់លោក យល់ព្រមទទួលយកសំណើសម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃគំនិតសន្តិភាពតាមរយៈកម្លាំងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
នៅក្នុងកិច្ចសន្ទនាលើកដំបូងរបស់ពួកគេ ចាប់តាំងពីជម្លោះពាក្យសម្តីនៅឯការិយាល័យ Oval របស់សេតវិមានកាលពីថ្ងៃទី ២៨ ខែកុម្ភៈ លោក Zelenskiy បានថ្លែងអំណរគុណលោក Trump នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម X ហើយនិងបានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់របស់ទីក្រុងគីវ ក្នុងការបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ី ហើយនិងទទួលយកបទឈប់បាញ់លើខ្សែត្រៀមមុខដោយគ្មានលក្ខខណ្ឌ ដូចដែលសហរដ្ឋអាមេរិកបានស្នើសុំកាលពីដំបូង ។
លោក Zelenskiy និយាយថា ជំហានមួយក្នុងចំណោមជំហានដំបូងឆ្ពោះទៅរកការបញ្ចប់សង្រ្គាមទាំងស្រុង អាចជាការបញ្ចប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត ។
លោកបន្តថា លោកគាំទ្រជំហានមួយនេះ ហើយអ៊ុយក្រែនសូមបញ្ជាក់ថា ពួកយើងបានត្រៀមខ្លួនរួចរាល់ក្នុងការអនុវត្តវា ។
លោក Trump បានសន្យាជាយូរមកហើយ ដើម្បីបញ្ចប់ជម្លោះស្លាប់មនុស្សច្រើនបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី ២មួយនេះ ប៉ុន្តែការឈោងចាប់លោក Putin របស់លោក Trump បានធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុបមានការព្រួយបារម្ភថា ការផ្លាស់ប្តូរជាមូលដ្ឋានក្រោយរយៈពេល ៨០ឆ្នាំនៃការការពារអឺរ៉ុបពីការវាតទីនិយមរបស់រុស្ស៊ី គឺជាបេសកកម្មស្នូលរបស់គោលនយោបាយបរទេសសហរដ្ឋអាមេរិក ៕