អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមឧទ្ទាមប្រដាប់អាវុធ បានដាក់ឲ្យនៅឯកោជំរំជនភៀសខ្លួន Zamzam ដ៏ធំរបស់ប្រទេសស៊ូដង់ ដែលបានទទួលរងគ្រោះទុរ្ភិក្សរួចទៅហើយ ដោយបិទការផ្គត់ផ្គង់ទឹក និងរារាំងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានព្រមានថា ស្ថានភាពសុខភាពនៅក្នុងជំរំ ដែលមានចម្ងាយប្រហែល១២គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង El Fasher រដ្ឋធានីនៃរដ្ឋ North Darfur កាន់តែធ្លាក់ចុះយ៉ាប់យ៉ឺន។

អង្គការ OCHA និយាយថា «ក្រុមប្រដាប់អាវុធបានរុលចូលទៅកាន់ទីក្រុង El Fasher និងជំរំ Zamzamដែលតាមសេចក្តីរាយការណ៍ ថាដណ្តើមបានការគ្រប់គ្រងពេញលេញនៃដងផ្លូវជាច្រើននៅជុំវិញនោះ» ។ យោងតាមដៃគូមនុស្សធម៌ដែលនៅតែធ្វើប្រតិបត្តិការនៅក្នុងជំរំបាននិយាយឲ្យដឹងថា ផ្លូវ រវាងទីក្រុង El Fasher និងជំរំ Zamzam ឥឡូវនេះត្រូវបានបិទទាំងស្រុង ដោយបញ្ឈប់រាល់សកម្មភាពផ្គត់ផ្គង់ និងការដឹកជញ្ជូនវេជ្ជសាស្រ្ត។

ការិយាល័យបាននិយាយថា ស្ថានភាពនេះ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេវាសំខាន់ៗ ជាពិសេសការផ្គត់ផ្គង់ទឹក។ អង្គការ OCHA បាននិយាយថា ដៃគូមនុស្សធម៌របស់ខ្លួននៅក្នុងជំរំ បានរាយការណ៍ពីការរឹតបន្តឹងដោយការបិទផ្លូវ បិទហេដ្ឋារចនាសម្ព័ន្ធដំណើរការដោយថាមពលប្រេងម៉ាស៊ូតទាំងអស់ ដោយបន្សល់ទុកតែប្រព័ន្ធដើរដោយថាមពលពន្លឺព្រះអាទិត្យប៉ុណ្ណោះ ដែលអាចនៅដំណើរការបាន។ ទោះជាយ៉ាងណា ទាំងនេះពុំអាចបំពេញតាមតម្រូវការដែលកំពុងកើនឡើងបានឡើយ។