ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ព្រមទាំងថ្នាក់ដឹកនាំគណបក្ស បានយាង និងអញ្ជើញប្រារព្ធបុណ្យទក្ខិណានុប្បទាន ថ្វាយដល់ដួងវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅវត្តបទុមធម្មយុត្ត រាជធានីភ្នំពេញ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងសោយព្រះទិវង្គត នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅប្រទេសបារាំង ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានធ្លាក់ក្នុងសភាពធ្ងន់ធ្ងរផ្នែកសុខភាព និងរូបរាងកាយ ក្រោយ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ពីរដង នៅក្នុងខេត្តកំពង់ចាម និងខេត្តព្រះសីហនុ កាលពីប៉ុន្មានឆ្នាំមុន។
ក្នុងសេចក្តីប្រកាសជាផ្លូវការអំពីការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា ព្រះសព សម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ គឺជាអ្នកនយោបាយកម្ពុជា ដែលនាំមុខគេមួយរូបនៅក្នុងទសវត្សរ៍១៩៨០ និង១៩៩០។ ឥឡូវនេះ ព្រះអង្គ គឺជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ម្តងទៀត បន្ទាប់ពីព្រះអង្គបានចេញចូលក្នុងឆាកនយោបាយអស់រយៈពេលជាច្រើនឆ្នាំ។
ព្រះអង្គម្ចាស់ បានក្លាយជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅឆ្នាំ១៩៩១ ហើយគណបក្សរបស់ព្រះអង្គ ទទួលបានអាសនៈភាគច្រើនចំនួន៥៨ ក្នុងចំណោមអាសនៈសភាទាំង១២០នៅក្នុងការបោះឆ្នោតជាតិឆ្នាំ១៩៩៣ ដែលជាការបោះឆ្នោតដំបូងបង្អស់ ចាប់តាំងពីរបបខ្មែរក្រហមបញ្ចប់។ ព្រះអង្គ ម្ចាស់ បានក្លាយជានាយករដ្ឋមន្ត្រីទីមួយ និងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទីពីរ។
ព្រះអង្គម្ចាស់ ត្រូវបានតែងតាំងជាប្រធានរដ្ឋសភាជាតិនៅខែវិច្ឆិកា បន្ទាប់ពីគណបក្សរបស់ព្រះអង្គបានចាញ់គណបក្ស CPP នៅក្នុងការបោះឆ្នោតជាតិខែ កក្កដា។ ឆ្នាំ២០០៦ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានលាលែងពីតំណែងជាប្រធានសភាជាតិ ហើយនៅខែតុលា ព្រះអង្គត្រូវបានបណ្តេញចេញពីគណបក្សហ៊្វុនស៊ិនប៉ិច។ ចាប់តាំងពីពេលនោះមក ព្រះអង្គបានចេញចូលក្នុងឆាកនយោបាយ និងបានបង្កើតគណបក្សនរោត្តមរណឫទ្ធិ ហើយក្រោយមកបង្កើតគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ រហូតដល់ ឆ្នាំ២០១៥ ទើបព្រះអង្គត្រឡប់ចូលគណបក្សហ៊្វុនស៊ិនប៉ិចវិញ និងត្រូវបានគេតែងតាំងជាប្រធានគណ បក្សម្តងទៀត៕
អត្ថបទ៖ បាន ចក់




