នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែមីនា) រដ្ឋមន្ត្រីកិច្ចការអឺរ៉ុបរបស់ហុងគ្រី លោក Janos Boka បានប្រាប់សារព័ត៌មាន Financial Times ថា ទីក្រុង Budapest មិនគាំទ្រការធ្វើសមាហរណកម្មរបស់អ៊ុយក្រែនទៅក្នុងរចនាសម្ព័ន្ធការពារជាតិអឺរ៉ុបនោះទេ ដោយជំនួសវិញមើលឃើញថា ប្រទេសនេះ គួរជាតំបន់ទ្រនាប់ រវាងអឺរ៉ុប និងរុស្ស៊ី។
លោក Boka បានប្រាប់សារព័ត៌មានថា៖ «យើងមើលមិនឃើញថា សន្តិសុខរបស់អឺរ៉ុប ត្រូវធ្វើសមាហរណកម្មអ៊ុយក្រែនទៅក្នុងប្រព័ន្ធការពារជាតិនោះទេ ប៉ុន្តែយើងមើលឃើញពីតម្រូវការឲ្យមានតំបន់ទ្រនាប់ រវាងរុស្ស៊ី និងរចនាសម្ព័ន្ធការពារជាតិអឺរ៉ុប ដែលបម្រើឲ្យទាំងផលប្រយោជន៍របស់រុស្ស៊ី និងអឺរ៉ុប»។

ប្រទេហុងគ្រី ដែលត្រូវបានគេចាត់ទុកថា ជាសមាជិកសហភាពអឺរ៉ុប (EU) ដែលមានភាពស្និទស្នាលបំផុតជាមួយរុស្ស៊ី បានរារាំងជាប់ជានិច្ច ចំពោះការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ និងការផ្ដល់ជំនួយយោធាដល់ទីក្រុងគីវ ខណៈដែលជំទាស់មិនឲ្យអ៊ុយក្រែនក្លាយជាសមាជិករបស់ប្លុក។
លោក Boka បានបញ្ជាក់ថា តួនាទីដ៏នាពេលខាងមុខរបស់អ៊ុយក្រែន ជា «តំបន់ទ្រនាប់» អាស្រ័យលើ «ការឯកភាពគ្នា ក្នុងចំណោមតួអង្គពិភពលោក» ដោយលោកបានបន្ថែមថា ប្រសិនបើ «ទាំងសហរដ្ឋអាមេរិក និង EU ធ្វើអ្វីមួយពាក់ព័ន្ធនឹងអ៊ុយក្រែន ដោយគ្មានការយល់ព្រមពីប្រធានាធិបតីរុស្ស៊ី លោក Vladimir) Putin ទេនោះ នេះគឺជាប្រភពនៃជម្លោះ»។
ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីកិច្ចការអឺរ៉ុបរបស់ហុងគ្រីនេះ កើតមានឡើងនៅពេលដែលបណ្ដាមេដឹកនាំ EU ជួបជុំគ្នា សម្រាប់កិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុប ដើម្បីពិភាក្សាអំពីការគាំទ្របន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន និងការបង្កើនការចំណាយលើវិស័យការពារជាតិ។ បណ្ដាមេដឹកនាំអឺរ៉ុប ក៏បានពន្លឿនផងដែរដល់ដំណើរផ្លូវនៃការចូលជាសមាជិករបស់អ៊ុយក្រែន ដោយអ្នកខ្លះលើកឡើងថា ឆ្នាំ២០៣០ អាចជាកាលបរិច្ឆេទចូលជាសមាជិកនេះ៕

