ប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធរបាយការណ៍របស់កាសែត New York Times ដែលថាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺមហាសេដ្ឋី Elon Musk នឹងត្រូវសង្ខេបប្រាប់មន្ទីរបញ្ចកោននៅថ្ងៃសុក្រ (២១ មីនា) នេះ អំពីផែនការសម្ងាត់បំផុតមួយរបស់យោធាសហរដ្ឋអាមេរិក សម្រាប់សង្គ្រាមណាមួយដែលអាចផ្ទុះឡើងជាមួយប្រទេសចិន។

លោក Trump បាននិយាយនៅក្នុងសារបង្ហោះពីកិច្ចប្រជុំមន្ទីរបញ្ចកោណនេះនៅលើគេហទំព័រសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ថា "ប្រធានបទចិន នឹងមិនត្រូវបានគេលើកឡើង ឬពិភាក្សាឡើយ"។ ប្រធានមន្ទីរបញ្ចកោណ លោក Pete Hegseth បាននិយាយនៅក្នុងការបង្ហោះលើបណ្ដាញសង្គម X ថា កិច្ចប្រជុំនេះនឹងនិយាយពី "ការច្នៃប្រឌិត ប្រសិទ្ធភាព និងការផលិតកាន់តែឆ្លាតវៃ"។
មន្ត្រីអាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា សន្និសីទសង្ខេបរបស់លោក Musk នឹងមានការចូលរួមដោយមន្ត្រីយោធាជាន់ខ្ពស់អាមេរិកនៅមន្ទីរបញ្ចកោន ខណៈរបាយការណ៍របស់ New York Times និយាយថា ការសង្ខេបនេះនឹងរួមបញ្ចូលស្លាយពី ២០ ទៅ ៣០ទំព័រ ដែលបង្ហាញពីមធ្យោបាយដែលអាមេរិក នឹងប្រយុទ្ធនៅក្នុងជម្លោះជាមួយចិន។
ការលូកដៃចូលទៅកាន់ផែនការយោធា ដែលត្រូវបានការពារយ៉ាងជិតស្និតនេះ នឹងបង្ហាញពីការពង្រីកតួនាទីរបស់លោក Musk យ៉ាងខ្លាំងក្នុងនាមជាទីប្រឹក្សាលោក Trump ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕

