កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពុងឆ្នាំង និងក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន កំពុងបន្តប្រែក្លាយកំណាត់ផ្លូវកៅស៊ូDBST ទៅជាផ្លូវបេតុង និងកៅស៊ូAC រួមនិងពង្រីកតួផ្លូវអោយធំទូលាយជាងមុន ងាយស្រួលប្រជាពលរដ្ឋ និងសិស្សានុសិស្ស រួមនិងអ្នកប្រើប្រាស់ផ្លូវ ធ្វើដំណើរបានស្រួល។ នេះបើយោងតាមការបញ្ជាក់របស់លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។
លោក ឆាយ លាភា បានបន្តថា គម្រោងការងារថែទាំខួបដោយក្រាលកម្រាលបេតុងកៅស៊ូACបន្ថែមពីលើ(Overlay) លើកំណាត់ផ្លូវជាតិលេខ៥ដែលជាផ្លូវDBSTពីមុន មានប្រវែង២០០០ម ទទឹងផ្លូវ១០ម, គូសគំនូសចរាចរណ៍, ដាំផ្លាកសញ្ញាចរាចរណ៍, និងដាំបង្គោលនាំផ្លូវ ចន្លោះពីគ.ម៨៤+០៩៥ ដល់គ.ម៨៦+០៩៥ ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពងឆ្នាំង អនុវត្តការងារដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។ ដោយឡែកការគូសគំណូសលើកំណាត់ផ្លូវជាតិលេខ៥នោះ ជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។ ការកែលម្អផ្លួវនេះ ដើម្បីអោយការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ មានភាពងាយស្រួលក្នុងការធ្វើដំណើរជាងពេលមុន។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជួយថែរក្សាផ្លូវជាតិលេខ៥នេះផង ដោយកុំផ្ទុកទំនិញលើសទម្ងន់កំណត់ ជាពិសេសក្នុងការធ្វើដំណើរ សូមមេត្តាបើកបរដោយមានការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ កុំបើកហួសល្បឿនកំណត់ យោគយល់អធ្យាស្រ័យក្នុងពេលបើកបរ។ ការប្រែក្លាយផ្លូវកៅស៊ូDBST ទៅជាផ្លូវក្រាលកម្រាលបេតុងកៅស៊ូACលើកំណាត់ផ្លូវជាតិលេខ៥នេះ បញ្ជាក់អោយកាន់ឃើញច្បាស់នូវការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័នផ្លូវថ្នល់នៅក្នុងខេត្តកំពង់ឆ្នាំងឥតឈប់ ក្រោមម្លប់សុខសន្តិភាព និងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីធ្វើអោយសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនមានការធូរធារ និងកាត់បន្ថយការចំណាយទៅលើការធ្វើដំណើរផងដែរ ៕ កាំង ហុងវាស្នា