ជើងហោះហើរមួយចំនួន បានចាប់ផ្តើមចុះចតនៅអាកាសយានដ្ឋាន Heathrow ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីល្ងាចថ្ងៃសុក្រ ទី២១ ខែមីនា បន្ទាប់ពីអគ្គិភ័យនៅស្ថានីយ៍ថាមពល បានបណ្តាលឲ្យយន្តហោះចតទុកចោលនៅមជ្ឈមណ្ឌលអាកាសចរណ៍ដ៏មមាញឹកបំផុតរបស់អឺរ៉ុប បង្កឲ្យមានភាពចលាចលក្នុងការធ្វើដំណើរសម្រាប់មនុស្សរាប់ពាន់នាក់ជុំវិញពិភពលោក។
អគ្គិភ័យនៅស្ថានីយអគ្គិសនីរង បានបិទអាកាសយានដ្ឋានស្ទើរតែពេញមួយថ្ងៃ ដែលនាំឱ្យមានការលុបចោល ឬបង្វែរជើងហោះហើររាប់រយ ហើយបង្កើតជាសំណួរអំពីភាពងាយរងគ្រោះនៃហេដ្ឋារចនាសម្ព័ន្ធ។
យោងតាមក្រសួងដឹកជញ្ជូនរបស់ចក្រភពអង់គ្លេសបានឲ្យដឹងថា ការរឹតបន្តឹងលើជើងហោះហើរពេលយប់ ក៏ត្រូវបានដកចេញជាបណ្តោះអាសន្នផងដែរ ដើម្បីជួយសម្រួលដល់ការកកស្ទះ។
អាកាសយានដ្ឋាននេះ ត្រូវដោះស្រាយជើងហោះហើរចំនួន១.៣៥១ជើង កាលពីថ្ងៃសុក្រ ដោយត្រូវហោះហើរដឹកជញ្ជូនអ្នកដំណើររហូតដល់២៩១.០០០នាក់ ប៉ុន្តែយន្តហោះត្រូវបានបង្វែរទិសដៅទៅអាកាសយានដ្ឋានផ្សេងទៀតក្នុងចក្រភពអង់គ្លេស និងនៅទូទាំងទ្វីបអឺរ៉ុប។
នាយកប្រតិបត្តិក្រុមហ៊ុន Heathrow លោក Thomas Woldbye បាននិយាយថា «នៅព្រឹកថ្ងៃសៅរ៍នេះ យើងរំពឹងថានឹងត្រឡប់ទៅរកដំណើរការឡើងវិញពេញលេញ ដល់ប្រតិបត្តិការ១០០ភាគរយ ដូចថ្ងៃធម្មតា»។