ប្រធានាធិបតីសហដ្ឋអាមេរិក លោក Donald Trump រួមជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth នៅការិយាល័យពងក្រពើ(Oval Office) កាលពីថ្ងៃសុក្រ បានពិភាក្សាអំពីប្រធានបទជាច្រើនរួមមានកិច្ចសន្យាយន្តហោះចម្បាំង F-47 របស់ក្រុមហ៊ុនBoeing និងកិច្ចប្រជុំរបស់ លោក Elon Musk នៅមន្ទីរបញ្ចកោណ ព្រមទាំងបទឈប់បាញ់ក្នុងពេលឆាប់ៗក្នុងសង្គ្រាមរវាងរុស្ស៊ី- អ៊ុយក្រែន។
លោក Trump បានផ្តល់ទៅឲ្យក្រុមហ៊ុន Boeing នូវកិច្ចសន្យាផលិតយន្តហោះចម្បាំងទំនើបបំផុតរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក ដែលត្រូវបានគេដាក់ឈ្មោះថា F-47 ។
ទាក់ទងនឹងកិច្ចប្រជុំកាលពីថ្ងៃសុក្រ របស់ លោក Elon Musk នៅមន្ទីរបញ្ចកោណ លោក Trump បាននិយាយថា លោក Musk នៅទីនោះដើម្បីដោះស្រាយការចំណាយ និងបានច្រានចោលរបាយការណ៍របស់កាសែត New York Times ដែលថាមហាសេដ្ឋីរូបនេះ ត្រូវបានគេដកស្រង់សម្តីអំពីផែនការរបស់យោធាសហរដ្ឋអាមេរិកសម្រាប់សង្រ្គាមណាមួយដែលអាចផ្ទុះឡើងជាមួយប្រទេសចិន។
ជុំវិញសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី លោក Donald Trump បាននិយាយថា លោកគិតថានឹងមាន «បទឈប់បាញ់ពេញលេញ» ដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ រវាងអ៊ុយក្រែន និងរុស្ស៊ី។
ការថ្លែងលើកឡើងរបស់លោក Trump ធ្វើឡើង ខណៈរុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមក កាលពីថ្ងៃសុក្រពីការបំផ្ទុះស្ថានីយ៍បូមឧស្ម័នរបស់រុស្ស៊ីនៅតំបន់ព្រំដែនជាកន្លែងដែលទាហានអ៊ុយក្រែនកំពុងដកថយ ក្នុងពេលមានការពិភាក្សាជុំវិញការផ្អាកសកម្មភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក លើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល។