រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងដកហូតឋានៈស្របច្បាប់បណ្តោះអាសន្នរបស់ជនអន្តោប្រវេសន៍ជាច្រើន រួមមានជនជាតិគុយបា ហៃទី នីការ៉ាហ្គា និងវេណេស៊ុយអេឡា ចំនួន ៥៣០.០០០នាក់ នៅក្នុងសហរដ្ឋអាមេរិក នេះបើតាមការជូនដំណឹងពីការចុះបញ្ជីរបស់សហព័ន្ធកាលពីថ្ងៃសុក្រ (២១ មីនា) ដែលជាការពង្រីកចុងក្រោយបង្អស់នៃការបង្រ្កាបជនអន្តោប្រវេសន៍។
ចំណាត់ការដែលមានប្រសិទ្ធភាពនៅថ្ងៃទី២៤ ខែមេសានោះ បានលុបចោល "ការលើកលែង" រយៈពេល ២ឆ្នាំដែលផ្តល់ឱ្យជនអន្តោប្រវេសន៍ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Joe Biden ដែលអនុញ្ញាតឱ្យពួកគេចូលសហរដ្ឋអាមេរិកតាមផ្លូវអាកាស ប្រសិនបើពួកគេមានអ្នកឧបត្ថម្ភនៅអាមេរិក។

លោក Trump មកពីបក្សសាធារណរដ្ឋ បានចាត់វិធានការដើម្បីបង្កើនការអនុវត្តច្បាប់អន្តោប្រវេសន៍ បន្ទាប់ពីចូលកាន់តំណែង រួមទាំងការជំរុញឱ្យនិរទេសជនអន្តោប្រវេសន៍ក្នុងចំនួនកំណត់ត្រា ដែលរស់នៅអាមេរិកដោយខុសច្បាប់។ លោកបានប្រកែកថា កម្មវិធីលើកលែងការចូលតាមផ្លូវច្បាប់ ដែលបានចាប់ផ្តើមនៅក្រោមលោក Biden បានហួសព្រំដែននៃច្បាប់សហព័ន្ធ ហើយអំពាវនាវឱ្យបញ្ចប់កម្មវិធីនោះនៅក្នុងក្រឹត្យចុះនៅថ្ងៃទី២០ ខែមករា។
ការសម្រេចចិត្តរបស់រដ្ឋបាលលោក Trump ក្នុងការដកហូតឋានៈស្របច្បាប់ពីជនអន្តោប្រវេសន៍ជាងកន្លះលាននាក់នេះ អាចធ្វើឱ្យមនុស្សជាច្រើនងាយរងគ្រោះក្នុងការនិរទេស ប្រសិនបើពួកគេជ្រើសរើសបន្តរស់នៅសហរដ្ឋអាមេរិក។ គេនៅតែមិនទាន់ច្បាស់ទេថា តើអ្នកដែលបានចូលក្នុងអាមេរិកក្រោមកម្មវិធីលើកលែងនោះ ឥឡូវនេះមានទម្រង់នៃការការពារ ឬស្ថានភាពផ្លូវច្បាប់ផ្សេងទៀតឬយ៉ាងណាទេ៕

