អ៊ីស្រាអែល បានបើកការវាយប្រហារតាមច្រកអាកាសលើប្រទេសលីបង់ ក្រោយរ៉ុក្កែតជាច្រើនគ្រាប់ត្រូវបានបាញ់ចេញពីលីបង់ទៅលើប្រទេសអ៊ីស្រាអែល ដែលជាអំពើហិង្សាដ៏អាក្រក់បំផុត ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីខែវិច្ឆិកា ។
យោធាអ៊ីស្រាអែលនិយាយថា ពួកគេបានវាយប្រហារជើងទម្របាញ់រ៉ុក្កែតរាប់សិបគ្រឿង ហើយនិងទីបញ្ជាការរបស់ក្រុមហេសប៊ូឡាដែលជាក្រុមនយោបាយ និងក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ នៅតំបន់ភាគខាងត្បូងប្រទេសលីបង់ ។
ក្រសួងសុខាភិបាលលីបង់ និយាយថា មនុស្ស ៧នាក់ រួមទាំងក្មេងម្នាក់ ត្រូវបានសម្លាប់ ហើយមនុស្ស ៤០ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារតាមច្រកអាកាសនេះ ។
ក្រុមប្រដាប់អាវុធជាច្រើនបានប្រតិបត្តិការនៅក្នុងប្រទេសលីបង់ រួមទាំងក្រុមហេសប៊ូឡា និងក្រុមជីវពលប៉ាឡេស្ទីន ហើយពុំទាន់មានភាគីណាមួយប្រកាសទទួលស្គាល់ចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតនេះឡើយ ។
រយៈពេលប៉ុន្មានម៉ោង ក្រោយការវាយប្រហារលើកដំបូង រលកទី ២នៃការវាយប្រហារ ត្រូវបានធ្វើឡើងនៅពេលយប់ លើគោលដៅជាច្រើនរួមទាំងទីបញ្ជាការក្រុមជីវពល ហេដ្ឋារចនាសម្ព័ន្ធ និងឃ្លាំងស្តុកអាវុធនៅក្នុងប្រទេសលីបង់ ។
ការវាយប្រហារកាលពីថ្ងៃសៅរ៍ចេញពីប្រទេសលីបង់ បានកើតមានឡើង ក្រោយអ៊ីស្រាអែល បើកការវាយប្រហារជាថ្មីរបស់ខ្លួនលើក្រុមហាម៉ាស់នៅតំបន់ហ្កហ្សា ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ក្រុមហេសប៊ូឡា ៕