ព្យុះព្រិលកើតឡើងភ្លាមៗ បានបោកបក់លើទីក្រុង El Alto ប្រទេសបូលីវី កាលពីថ្ងៃអាទិត្យ។ អាកាសធាតុមិនអំណោយផលខ្លាំង ដោយសារតែបម្រែបម្រួលអាកាសធាតុ បានបង្ខំឲ្យអ្នកស្រុក និងអាជីវករស្វែងរកទីជម្រក និងបោសសម្អាតព្រិលចេញពីតូប និងហាងនានារបស់ពួកគេ។

ព្យុះដែលមិននឹកស្មានដល់ គឺជាផ្នែកនៃគំរូអាកាសធាតុធ្ងន់ធ្ងរកំពុងបន្តធ្វើឲ្យប៉ះពាល់ដល់ប្រទេសបូលីវី ដោយរដ្ឋមន្ត្រីការពារជាតិ លោក Edmundo Novillo បានប្រកាសថាភ្លៀងធ្លាក់ខ្លាំង នឹងបន្តរហូតដល់ ខែ មេសា។

ជាធម្មតា រដូវវស្សា មានរយៈពេលរហូតដល់ខែមីនា។ ទោះជាយ៉ាងណា របាយការណ៍ពីវិទ្យាស្ថានឧតុនិយមប្រទេសបូលីវី បានចង្អុលបង្ហាញពីបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ដើម្បីពន្យល់ពីរដូវវស្សា ខុសប្លែកពីធម្មតានេះ។
របាយការណ៍ពីមុន បាននិយាយថាបឹង Titicaca ជិតឡើងដល់កម្រិតខ្ពស់បំផុតដោយសារតែទឹកភ្លៀងធ្លាក់ ដែលធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរ។
ក្នុងការឆ្លើយតប សភារបស់ប្រទេសបូលីវី កាលពីពេលថ្មីៗនេះ បានអនុម័តឥណទានចំនួន៧៥លានដុល្លារ សម្រាប់ការសង្គ្រោះគ្រោះមហន្តរាយ ខណៈលំនៅឋានជិត៨០០ខ្នង ត្រូវបានបំផ្លាញ និងគ្រួសារជាង៣៦៨.៧០២គ្រួសារ បានរងផលប៉ះពាល់។