រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយ កាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់ មិនអាចចរចាដោយផ្ទាល់ ជាមួយសហរដ្ឋអាមេរិក ក្រោមលក្ខខណ្ឌដែលមានស្រាប់នៃ «សម្ពាធអតិបរមា» ច្រានចោលការរំពឹងទុកនៃការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ក្នុងទម្រង់ដើមរបស់វា។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Khabar Online របស់អ៊ីរ៉ង់ លោក Araghchi បានរិះគន់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា ទីក្រុងតេអេរ៉ង់ នឹងមិនចូលរួមក្នុងកិច្ចចរចាឡើយ ខណៈដែលស្ថិតនៅក្រោមការរឹតបន្តឹងសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាបែបនេះ។
លោកបាននិយាយថា៖«គ្មានបុគ្គលណាដែលមានប្រាជ្ញា នឹងចូលចរចាដោយផ្ទាល់ក្នុងកាលៈទេសៈដែលមានសម្ពាធអតិបរមានោះទេ» ដោយយោងទៅលើការប៉ុនប៉ងកន្លងមក ក្នុងការចរចា ជាមួយទីក្រុងវ៉ាស៊ីនតោន។
លោក Araghchi បានទទួលស្គាល់ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួមឆ្នាំ ២០១៥ (JCPOA) ដែលបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងការរឹតត្បិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន នៅតែអាចធ្វើជា «មូលដ្ឋាន និងគំរូ» សម្រាប់ការទូត នាពេលអនាគត។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនៅក្នុង «ទម្រង់ និងអត្ថបទបច្ចុប្បន្ននេះ» គឺមិនអាចធ្វើទៅបានទៀតទេ ដោយលើកឡើងពីភាពជឿនលឿនរបស់អ៊ីរ៉ង់ ក្នុងសមត្ថភាពនុយក្លេអ៊ែរ ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) បានដកខ្លួន ជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនេះ ក្នុងឆ្នាំ ២០១៨។
ទោះបីជាអ៊ីរ៉ង់បានកាត់បន្ថយការអនុលោមតាម JCPOA ក្នុងការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏លោក Araghchi បានរំលឹកឡើងវិញថា សកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ពុំមានអ្វីរំខានឡើយ។