ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុប(EU)លោកស្រី Kaja Kallas និងរដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Gideon Saar បានពិភាក្សាលើការដួលរលំបទឈប់បាញ់នៅតំបន់ហ្កាហ្សា អនាគតរបស់ដែនដីប៉ាឡេស្ទីនមួយនេះ និងការគំរាមកំហែងនុយក្លេអ៊ែរពីអ៊ីរ៉ង់ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ដែលត្រូវបានរៀបចំឡើងនៅទីក្រុងហេ្សរុយសាឡឹមនាថ្ងៃចន្ទនេះ ។
លោកស្រី Kallas បានធ្វើដំណើរទៅដល់អ៊ីស្រាអែលចេញពីទីក្រុងគែរ របស់អេហ្ស៊ីប ជាទីដែលលោកស្រីបានពិភាក្សាលើផែនការកសាងតំបន់ហ្កាហ្សាឡើងវិញ ជាមួយនឹងក្រុមអ្នកតំណាងមកពីអេហ្ស៊ីប ហ៊្សកដានី កាតា អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ។
លោកស្រី Kallas ដែលជាអ្នកតំណាងជាន់ខ្ពស់របស់ EUសម្រាប់កិច្ចការបរទេស និងគោលនយោបាសន្តិសុខ ហើយនិងជាអនុប្រធានគណកម្មការអឺរ៉ុបនោះ និយាយថា ការចាប់ផ្តើមយុទ្ធនាការសឹកឡើងវិញរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្សដ៏គួរឲ្យខ្លាច ។
លោកស្រីបន្តថា ពួកយើងមើលពុំឃើញតួនាទីណាមួយសម្រាប់ក្រុមហាម៉ាសនោះឡើយ នៅក្នុងការគ្រប់គ្រងនាពេលអនាគតនៅតំបន់ហ្កាហ្សា ។
លោកស្រីថា ពួកយើងពិតជាត្រូវការពិភាក្សាលើវិធីគ្រប់គ្រងតំបន់ហ្កាហ្សានាពេលអនាគតខាងមុខនេះ ហើយសហភាពអឺរ៉ុប ត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមកិច្ចពិភាក្សាទាំងអស់នោះ ។
ដំណើរទស្សនកិច្ចរបស់លោកស្រី Kallas បានកើតមានឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយអ៊ីស្រាអែលចុះយុទ្ធនាការពេញបន្ទុកទាំងច្រកអាកាស និងជើងគោកលើក្រុមហាម៉ាស ជាការបញ្ចប់ទាំងស្រុងភាពស្ងប់ស្ងាត់អស់រយៈពេល ២ខែ ។
អ៊ីស្រាអែល និយាយថា ការចាប់ផ្តើមសង្រ្គាមមួយនេះឡើងវិញ ជាការដាក់សំពាធឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរសេសសល់ ៥៩នាក់ ដែលពួកគេបានឃុំឃាំងចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣រហូតមក ៕