ប្រទេសឆាដកាលពីថ្ងៃចន្ទ បានព្រមានប្រទេសស៊ូដង់ដែលជាសត្រូវប្រពៃណីរបស់ខ្លួនថា ខ្លួន «រក្សាសិទ្ធិស្របច្បាប់ ក្នុងការឆ្លើយតប» ប្រសិនបើត្រូវរងការវាយប្រហារ បន្ទាប់ពីការគំរាមកំហែងដែលធ្វើឡើងដោយមន្ត្រីយោធាជាន់ខ្ពស់នៃទីក្រុងខាទុំ(Khartoum)។

នៅក្នុងវីដេអូដែលបានចាក់ផ្សាយនៅលើទូរទស្សន៍ Al Jazeera កាលពីថ្ងៃអាទិត្យ មេបញ្ជាការរងនៃកងកម្លាំងស៊ូដង់ លោក Yasser Al-Atta បានព្រមានថា អាកាសយានដ្ឋាន នៅក្នុងរដ្ឋធានីអេនចាមេណា ( N'Djamena) ប្រទេសឆាដ និងនៅទីក្រុងអេមចេរ៉ាស់ ( Amdjarras) នៅភាគឦសានប្រទេសនេះ«គឺជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធស៊ូដង់»។

អ្នកនាំពាក្យក្រសួងការបរទេសឆាដ លោក Ibrahim Adam Mahamat បាននិយាយថា ការអត្ថាធិប្បាយនេះ «អាចត្រូវបានបកស្រាយថា ជាការប្រកាសសង្គ្រាម ប្រសិនបើត្រូវបានធ្វើតាម»។
លោកបានបន្ថែមថា៖«វោហាស័ព្ទបែបនេះ អាចនាំឲ្យមានការកើនឡើងភាពតានតឹងដ៏គ្រោះថ្នាក់សម្រាប់អនុតំបន់ទាំងមូល» ហើយ «ប្រទេសឆាដរក្សាសិទ្ធិស្របច្បាប់ ក្នុងការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការប៉ុនប៉ងឈ្លានពានណាមួយនោះ»។
អតីតនាយករដ្ឋមន្ត្រីប្រទេសឆាដ លោក Saleh Kebzabo បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «ស៊ូដង់ទើបតែបានប្រកាសសង្រ្គាមលើប្រទេសឆាដ»។
លោកបានបន្ថែមថា៖«យើងត្រូវតែចាត់ទុករឿងនេះ ឲ្យបានហ្មត់ចត់ រៀបចំកម្លាំងយោធានិងកេណ្ឌទ័ព»។
ប្រទេសឆាដបានចោទប្រកាន់រដ្ឋាភិបាលស៊ូដង់អស់រយៈពេលជាង ៦ទសវត្សរ៍មកហើយថា បានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធ្វើឲ្យអ្នកជិតខាងរបស់ខ្លួនមានអស្ថិរភាព ជាពិសេសដោយ «រៀបចំការបះបោរ»និងគាំទ្រក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម(Boko Haram)។