អ្នកស្រី Christine Pascual ដែលជាកម្មករហាងសាឡន កំពុងផ្តល់សេវាកម្មដល់អតិថិជនពេលដែលគាត់ឮដំណឹងថា អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានក្រុងម៉ានីល កាលពីថ្ងៃទី ១១ ខែមីនា ក្រោយការចេញដីការចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ។
អ្នកស្រីស្រក់ទឹកភ្នែកពេលឮដំណឹងបែបនេះ ដោយអ្នកស្រីគិតថាវាគឺជាជំហានមួយខិតទៅរកការសម្រេចបានយុត្តិធម៌សម្រាប់កូនប្រុស Joshua Laxamana អាយុ ១៧ឆ្នាំរបស់គាត់ ដែលត្រូវបានសម្លាប់ អំឡុងប្រតិបត្តិការរបស់នគរបាលកាលពីឆ្នាំ ២០១៨ ។
យោងតាមសេចក្តីរាយការណ៍របស់នគរបាលដែលបានចែករំលែកជាមួយសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា យុវជន Joshua Laxamana បានជិះទោចក្រយានយន្ត និងត្រូវបានគេរាយការណ៍ថា បានបាញ់តបតជាមួយនគរបាល ពេលដែលរូបគេមិនព្រមឈប់នៅប៉ុស្តិ៍ត្រួតពិនិត្យ ស្ថិតក្នុងខេត្ត Pangasinan ។
អ្នកស្រី Pascual មានជំនឿថា កូនប្រុសរបស់គាត់ ត្រូវបានគេយល់ច្រឡំថា ជាសមាជិកក្រុមឧក្រិដ្ឋកម្ម ដោយសារតែសាក់នៅលើដៃរបស់គេ ដែលជាសាក់តួអង្គហ្គេមដែលកូនប្រុសរបស់គាត់ចូលចិត្តលេងជាមួយមិត្តភក្តិរបស់គេ ។
ស្រ្តីកូន ៣នាក់ វ័យ ៤១ឆ្នាំម្នាក់នេះ និយាយថា កូនប្រុសរបស់គាត់ស្ថិតនៅតាមផ្លូវមកផ្ទះពីការប្រកួតនៅតំបន់ភាគខាងជើងហ្វីលីពីន ពេលដែលនគរបាលបាញ់សម្លាប់រូបគេ ។ អ្នកស្រីអះអាងថា អ្នកស្រីទើបឮដំណឹងការស្លាប់កូនប្រុសរបស់គាត់ រយៈពេល ១សប្តាហ៍ក្រោយពីរូបគេបាត់ខ្លួន ។
អ្នកស្រី Pascual បន្តថា កូនប្រុសរបស់គាត់ត្រូវគ្រាប់កាំភ្លើង ៦គ្រាប់ ហើយនគរបាល និយាយប្រាប់គាត់ថា កូនប្រុសគាត់បានតៃដៃជាមួយសមត្ថិកិច្ច ពេលដែលរូបគេបើកគេចពីប៉ុស្តិ៍ត្រួតពិនិត្យ ៕