កងកម្លាំងនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើកាណុងបាញ់ទឹកដាក់លើក្រុមបាតុករនៅមុខសភាជាតិរបស់ប្រទេសឈីលី ក្នុងក្រុង Valparaiso កាលពីថ្ងៃអង្គារ (២៥ មីនា) បន្ទាប់ពីគណៈកម្មការព្រឹទ្ធសភាបានពន្យារពេលបោះឆ្នោតលើច្បាប់នេសាទដ៏ចម្រូងចម្រាស ដែលស្វះស្វែងរកការបែងចែកកូតាឡើងវិញរវាងអ្នកនេសាទទ្រង់ទ្រាយតូច និងការនេសាទកម្រិតឧស្សាហកម្ម។

យ៉ាងហោចណាស់មន្ត្រីនគរបាលម្នាក់បានរងរបួស និងមនុស្សជាច្រើនត្រូវបានឃុំខ្លួន បន្ទាប់ពីក្រុមអ្នកតវ៉ាទម្លុះរបងជុំវិញអគារ ក្នុងការប៉ុនប៉ងចូលទៅក្នុងសភា មុនពេលត្រូវបានបណ្តេញចេញទៅវិញដោយការដាញ់ឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងនគរបាលកុបកម្ម។

នៅព្រឹកថ្ងៃដដែល អ្នកនេសាទរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកំពង់ផែទីក្រុង Valparaiso ដើម្បីដើរដង្ហែតវ៉ាទៅកាន់សភា ប្រឆាំងនឹងច្បាប់ ដែលពួកគេនិយាយថាអនុគ្រោះដល់ក្រុមហ៊ុននេសាទឧស្សាហកម្មមួយចំនួន ដោយកាន់បដាសរសេរថា "សមុទ្រមិនមែនសម្រាប់លក់" ជាភាសាអេស្ប៉ាញ។

ចំណុចសំខាន់នៃជម្លោះ គឺសេចក្តីស្នើច្បាប់នេសាទ ដែលក្រុមតវ៉ា អះអាងថា នឹងផ្តល់ឱ្យឧស្សាហកម្មមួយក្រុមតូចគ្រប់គ្រងទីផ្សារ ដែលនឹងធ្វើឱ្យអ្នកនេសាទក្នុងបរិមាណទាបជួបគុណវិបត្តិ។ វិស័យនេសាទទ្រង់ទ្រាយតូច មានតម្រូវការចម្បង២ គឺការការពារកូតានេសាទមានស្រាប់ និងរក្សាបម្រាមបច្ចុប្បន្នលើការអូសទាញឧស្សាហកម្ម ដែលធ្វើឱ្យថយចុះបរិមាណស្តុកត្រី និងបំផ្លាញប្រព័ន្ធអេកូឡូស៊ីសមុទ្រ៕