ការនាំចេញប្រេងសាំងក្រុមហ៊ុន Galp Energia របស់ប្រទេសព័រទុយហ្គាល់ ទៅកាន់សហរដ្ឋអាមេរិក អាចត្រូវបានកាត់បន្ថយ ប្រសិនបើប្រធានាធិបតីអាមេរិក លោក Donald Trump ដាក់ពន្ធបន្ថែមលើទំនិញអឺរ៉ុប ប៉ុន្តែក្រុមហ៊ុនមានទំនុកចិត្តថា ខ្លួនអាចស្វែងរកទិសដៅជំនួសបាន។

សមាជិកក្រុមប្រឹក្សាប្រតិបត្តិ លោក Ronald Doesburg ទទួលបន្ទុកលើទ្រព្យសកម្មឧស្សាហកម្ម បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី២៥ ខែមីនា ថា ប្រសិនបើតម្រូវការប្រេងសាំងរបស់សហរដ្ឋអាមេរិក ធ្លាក់ចុះ បណ្តាលមកពីតម្លៃកាន់តែឡើងខ្ពស់ផ្តើមចេញពីការដំឡើងពន្ធ២៥% ដែលបានស្នើឡើង នោះក្រុមហ៊ុន Galp នឹងអាចដោះស្រាយវាបាន។

រោងចក្រចម្រាញ់ប្រេងតែមួយគត់របស់ក្រុមហ៊ុន Galp នៅទីក្រុង Sines ជាធម្មតាផលិតប្រេងសាំងប្រហែល២លានតោនក្នុងមួយឆ្នាំ ដែលក្នុងនោះចន្លោះពី១,២លានតោនទៅ១,៥លានតោន ត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក ហើយនៅសល់ត្រូវបានទទួលយកដោយទីផ្សារប្រទេសព័រទុយហ្គាល់។
លោក Trump បានគំរាមដំឡើងពន្ធ២៥% លើទំនិញទាំងអស់របស់អឺរ៉ុប ដោយបង្កើនហានិភ័យនៃសង្គ្រាមពាណិជ្ជកម្ម ដែលអាចបង្ហាញពីការខាតបង់សម្រាប់ក្រុមហ៊ុនអឺរ៉ុប ដែលផ្តោតលើការនាំចេញ។
ការដំឡើងពន្ធនឹងមានផលប៉ះពាល់ «ប៉ុន្តែវាជាផលប៉ះពាល់ដែលនឹងត្រូវបានគ្រប់គ្រង យើងនឹងពិនិត្យមើលជម្រើសរបស់យើង» ហើយក្រុមហ៊ុន Galp បានដោះស្រាយការរំខាននានាទាក់ទងនឹងពាណិជ្ជកម្មនាពេលកន្លងមក។