លោក Alexander Lukashenko បានចូលកាន់តំណែងជាផ្លូវការជាប្រធានាធិបតីប្រទេសបេឡារុសកាលពីថ្ងៃអង្គារ។
លោក Lukashenko បានចូលកាន់តំណែងសម្រាប់អាណត្តិទី៧ បន្ទាប់ពីជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៦ ខែមករា។ ពិធីឡើងកាន់តំណែងនៅវិមានឯករាជ្យក្នុងទីក្រុង Minsk មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជា និងភ្ញៀវដែលត្រូវបានអញ្ជើញច្រើនរូប។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ លោក Lukashenko បានស្បថចូលកាន់តំណែងជាប្រធានាធិបតី។ លោក បានសន្យាថានឹងបម្រើប្រជាជនបេឡារុសដោយស្មោះត្រង់ រក្សានិងការពារសិទ្ធិ និងសេរីភាពរបស់ប្រជាជន ព្រមទាំងគោរព និងការពាររដ្ឋធម្មនុញ្ញរបស់ប្រទេស។

ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិម លោក Igor Karpenko បានបង្ហាញប្រធានាធិបតីចូលកាន់តំណែងថ្មីដោយមានលិខិតបញ្ជាក់ប្រធានាធិបតី។
យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈឹមរបស់ប្រទេសបេឡារុសបានឲ្យដឹងថា លោក Lukashenko បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីដោយសំឡេងឆ្នោត៨៦,៨២ភាគរយ។