អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃអង្គារ (២៥ មីនា) ថា ប្រទេសចិន បានជំរុញបុគ្គលមួយចំនួននៅក្នុងប្រទេសហ្វីលីពីន កុំឱ្យធ្វើជាកូនអុករបស់ប្រទេសដទៃ ខណៈរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth កំពុងត្រៀមធ្វើទស្សនកិច្ចនៅទីក្រុងម៉ានីល ក្នុងសប្ដាហ៍នេះ។

ប្រមុខមន្ទីរបញ្ចកោណ លោក Hegseth គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅហ្វីលីពីន នៅថ្ងៃទី២៨ និង២៩ ខែមីនា ខាងមុខនេះ ហើយនឹងជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos និងរដ្ឋមន្ត្រីការពារជាតិ លោក Gilberto Teodoro នេះបើតាមឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងថា "ស្តីពីកិច្ចសហប្រតិបត្តិការយោធារវាងហ្វីលីពីន និងអាមេរិក ប្រទេសចិន បានបង្ហាញយ៉ាងច្បាស់ពីជំហររបស់ខ្លួនរួចមកច្រើន។ រាល់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងហ្វីលីពីន និងប្រទេសដទៃទៀត មិនគួរកំណត់គោលដៅលើភាគីទីបីឡើយ។ អ្នកដែលស្ម័គ្រចិត្តធ្វើជាគ្រាប់អុកនឹងត្រូវគេបោះបង់ចោលនៅទីបញ្ចប់ ហើយដំបូន្មានដល់បុគ្គលមួយចំនួននៅហ្វីលីពីនគឺថា គួតែឈប់ធ្វើជាដៃជើង និងកូនអុករបស់ប្រទេសផ្សេងទៀត"។

ដំណើរទស្សនកិច្ចលើកដំបូងរបស់មន្ត្រីជាន់ខ្ពស់ពីរដ្ឋបាលថ្មីរបស់លោក Trump ទៅកាន់សម្ព័ន្ធមិត្តការពារជាតិរបស់អាមេរិកដ៏យូរអង្វែងនៅអាស៊ីអាគ្នេយ៍មួយនេះ បានកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងនៅសមុទ្រចិនខាងត្បូងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ជុំវិញការប៉ះទង្គិចរវាងឆ្មាំល្បាតឆ្នេរពីភាគីទាំងពីរនៅដែនទឹកជម្លោះ៕