អារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃពុធនេះ បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសស៊ីរីដែលបានសម្លាប់ជនស៊ីវិលយ៉ាងច្រើន។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានលើកឡើងថា ព្រះរាជាណាចក្រនេះ បញ្ជាក់ជាថ្មីនូវការបដិសេធយ៉ាងដាច់អហង្ការចំពោះការព្យាយាមបន្តរបស់អាជ្ញាធរកាន់កាប់របស់អ៊ីស្រា អែល ក្នុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពនៃប្រទេសស៊ីរី និងតំបន់ តាមរយៈការរំលោភបំពានច្បាប់អន្តរជាតិដែលពាក់ព័ន្ធ ម្តងហើយម្តងទៀត។
អាជ្ញាធរស៊ីរី បាននិយាយថា ការវាយប្រហារទៅលើភូមិ Kuwayya បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៦នាក់។
ក្រសួងការបរទេសស៊ីរីនៅក្នុងសេចក្តីថ្លែងការណ៍មួយ បានថ្កោលទោសចំពោះ«ការបន្តការឈ្លានពានរបស់អ៊ីស្រាអែល លើទឹកដីស៊ីរីដែលបានឃើញការកើនឡើងភាពតានតឹងដ៏គ្រោះថ្នាក់ នៅក្នុងភូមិ Kuwayya ក្នុងខេត្ត Daraa ភាគខាងត្បូង។
អ៊ីស្រាអែលបានបន្តយុទ្ធនាការវាយប្រហាររបស់ខ្លួន នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការទម្លាក់លោក បាសា អាល់អាសាដ (Bashar al-Assad) ចេញពីអំណាច ដែលការគ្រប់គ្រងរបស់លោក ត្រូវបានបញ្ចប់ កាលពីឆ្នាំមុន ក្រោយពីការសម្រុកចូលទៅមុខយ៉ាងឆាប់រហ័សរបស់ក្រុមឧទ្ទាម បាននាំឲ្យលោកភៀសខ្លួន ទៅកាន់ប្រទេសរុស្ស៊ី។