លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការUN បាននិយាយនៅក្នុងសន្និសីទមួយថា អង្គការសហប្រជាជាតិស្វាគមន៍កិច្ចព្រមព្រៀងស្តីពីការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព នៅក្នុងសមុទ្រខ្មៅ ដែលសម្រេចបានដោយរុស្ស៊ី និងសហរដ្ឋអាមេរិក។
លោកបានចង្អុលបង្ហាញក្នុងការឆ្លើយតបនឹងសំណួរមួយថា៖«យើងបានឃើញសេចក្តីប្រកាសពីរ ដែលត្រូវបានស្វាគមន៍»។
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក មុននេះ បានចាប់ផ្តើមកិច្ចសន្ទនាការទូត ដើម្បីស្តារទំនាក់ទំនងទ្វេភាគី និងដោះស្រាយជម្លោះអ៊ុយក្រែន។ ជាផ្នែកមួយនៃដំណើរការនេះ រដ្ឋធានីរីយ៉ានៃអារ៉ាប៊ីសាអ៊ូឌីត បានរៀបចំការពិគ្រោះយោបល់អ្នកជំនាញរុស្ស៊ី-អាមេរិកដែលមានរយៈពេលជាង ១២ម៉ោង ដោយផ្តោតលើគំនិតផ្តួចផ្តើមសមុទ្រខ្មៅ។
វិមានក្រឹមឡាំង និងសេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រុស្ស៊ី និងសហរដ្ឋអាមេរិក នឹងបន្តធ្វើការឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាពយូរអង្វែង និងជាអចិន្ត្រៃយ៍។ ជាពិសេស ភាគីនានា បានឯកភាពធានាការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព នៅសមុទ្រខ្មៅ។ ពួកគេក៏បានយល់ព្រមបង្កើតវិធានការសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងហាមឃាត់ការវាយប្រហារប្រឆាំងនឹងរោងចក្រថាមពល នៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនសម្រាប់រយៈពេល ៣០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ១៨ ខែមីនា។ កិច្ចព្រមព្រៀងនេះ អាចនឹងត្រូវបន្ត ខណៈដែលភាគីមួយក្នុងចំណោមភាគីទាំងពីរ មានសិទ្ធិដកខ្លួន ប្រសិនបើភាគីម្ខាងទៀតរំលោភលើបម្រាមនោះ។